វិប្បដិសារីដែលមិនអាចបកក្រោយវិញបាន «បុរសម្នាក់បានបង្ហាញពីការសោកស្តាយបំផុត ដែលមិនបានអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល មិនឲ្យចល័តចេញចូលតំបន់ដែលកំពុងរងការប្រឈមពីជំងឺកូវីដ-១៩»
សន្តិសុខសង្គម
248

ខេត្តព្រះសីហនុ៖ យោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះនៅវេលាម៉ោង ១១និង២៣នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ពីវិប្បដិសារីដែលមិនអាចបកក្រោយវិញបាន ដោយបុរសម្នាក់បានបង្ហាញពីការសោកស្តាយបំផុត ដែលមិនបានអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្តីពីការណែនាំមិនឲ្យចល័តចេញចូលតំបន់ដែលកំពុងរងការប្រឈមពីជំងឺកូវីដ-១៩ ។ ដោយសារតែអាការៈក្នុងខ្លួនមានភាពធម្មតា ទើបនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានធ្វើការចាកចេញពីសណ្ឋគារស៊ីនយីនថៃ ជាកន្លែងធ្វើការរបស់ខ្លួនស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទៅស្រុកកំណើតនៅខេត្តកំពង់ចាម ដោយមិនបានដឹងខ្លួនថាបានឆ្លងមេរោគកូវីដ-១៩ ឡើយ។ បន្ទាប់ពីទៅដល់ស្រុកកំណើត បុរសរូបនេះត្រូវបានអាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីជំនាញបានយកសំណាកតេស្ត ទទួលបានលទ្ធផលវិជ្ជមាន វិរុស កូវីដ-១៩ នឹងត្រូវបានយកទៅព្យាបាល ដោយឡែកក្រុមគ្រួសាររបស់គាត់ និងអ្នកភូមិដែលមានការពាក់ព័ន្ធក៏ត្រូវបានយកសំណាក និងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ ដោយតម្រូវធ្វើចត្តាឡីស័កនៅនឹងកន្លែង ហើយអាជ្ញារធរបានបន្តស្វែងរកអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ដើម្បីការពារការឆ្លងរីករាលដាលក្នុងសហគមន៍។

ផេកផ្លូវការរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានដកស្រង់ការរៀបរាប់របស់ បុរសរូបនេះបន្តទៀតថា ខ្លួនមានការស្តាយក្រោយជាខ្លាំង ដែលធ្វើឲ្យក្រុមគ្រួសាររបស់ខ្លួនមានការលំបាក បើសិនជាអាច ខ្លួនសុខចិត្តស្នាក់នៅកន្លែងធ្វើការរបស់ខ្លួន នោះបានចៀសវាងការប៉ះពាល់ដល់ពុកម៉ែបងប្អូនរបស់ខ្ញុំ។ ដូច្នេះសូមបងប្អូនទាំងអស់ កំពុងស្នាក់នៅតំបន់ដែលត្រូវបានអំពាវនាវមិនឲ្យចាកចេញ សូមកុំធ្វើការចាកចេញឲ្យសោះ ព្រោះគ្មានការចាំបាច់ណាសំខាន់ជាងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់បងប្អូននោះទេ។

សូមបញ្ជាក់៖ សាម៉ីខ្លួនបានឯកភាពឱ្យដាក់ផ្សាយវិដេអូឃ្លីបរបស់គាត់។  


Telegram