ខេត្តព្រៃវែង ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ បានចាត់ចែងឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំចុងអំពិល ស្រុកកញ្ជ្រៀច និងក្រុមការងារ ចុះជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកកញ្ជៀច និងបានអញ្ជើញប្រគល់ម៉ាស៊ីនអេកូ បំពាក់ដោយសម្ភារៈបរិក្ខាទំនើប ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកញ្ជ្រៀច សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ។
ការប្រគល់នេះ គឺឯកឧត្តម ប៉ុល រតនា និងក្រុមការងារ នាំយកទៅប្រគល់ជូនក្រុមគ្រូពេទ្យផ្ទាល់តែម្តង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ុល រតនា ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកកញ្ជ្រៀច និងបានចាត់ទុកថា ការផ្តល់ជូន ម៉ាស៊ីនអេកូ បំពាក់ដោយសម្ភារៈបរិក្ខាទំនើប របស់ឯកឧត្តម នេត សាវឿន ដែលបានផ្តល់ជូននៅទីនេះ គឺសបញ្ចាក់ពីការគិតគូរ សុខទុក្ខរបស់បងប្អូនយើង ពីសំណាក់ ឯកឧត្តម និងបានសន្យាថា ក្រោយបញ្ចប់ការបោះឆ្នោតរួចរាល់ ឯកឧត្តម និងរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ឲ្យងាយស្រួលក្នុងការរស់នៅ និងបម្រើដល់ផលប្រយោជន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ដែលទាំងនេះ កើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ។
ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ុល រតនា ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋ ដែលកំពុសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ សូមឲ្យឆាប់បានជាសះស្បើយពីជម្ងឺផងដែរ៕