ប្រធាន គ.ជ.ប អំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមអត្តសញ្ញាណប័ណ្ណ និងឯកសារសម្រាប់ចូលរួមបោះឆ្នោត
ព័ត៌មានជាតិ
84

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ០៥ ខែមិថុនា ឆ្នាំ ២០២២ ដោយចាប់ផ្តើមពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣ រសៀល ដោយការបោះឆ្នោតនេះ កាន់តែខិតជិតមកដល់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

បើតាមលោក ប្រាជ្ញ ចន្ទ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខ ឬ អ.ខ បានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ត្រូវប្រញាប់រួសរាន់ទៅស្នើសុំ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោក ប្រាជ្ញ ចន្ទ ក្នុងនាមប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានស្នើឱ្យប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ទាំងអស់ អញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើឱ្យបានគ្រប់ៗគ្នា៕


Telegram