អភិបាលខេត្តព្រះសីហនុ៖ ទោះបីជំងឺកូវីដ១៩ មិនមានឆ្លងថ្មីក៏ដោយ ក៏យើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសនោះឡើយ.!
ព័ត៌មានជាតិ
102

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ អគារព្យាបាលជំងឺកូវីដ-១៩ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន បន្ទាប់ពីបានបញ្ចប់កាសាងសង់ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ មានទទឹង៣៣,៤ម៉ែត្រ បណ្តោយ ៩០,៦ម៉ែត្រ កម្ពស់០១ជាន់ សសរ គ្រឹះធ្វើពីបេតុង ដំបូលប្រក់ស័ង្កសី អាចដាក់គ្រែសរុប២២៩គ្រែ ក្នុងនោះគ្រែអ្នកជំងឺស្រាល១៤៣គ្រែ អ្នកជំងឺធ្ងន់៥៧គ្រែ និងសង្រ្គោះបន្ទាន់២៩គ្រែ។ អគារតេជោនេះមានបន្ទប់ធំទូលាយ បំពាក់នូវឧបករណ៍ជំនួយដង្ហើមសម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺនិងមានលក្ខណៈទំនើបទាន់សម័យ។

តាមរយៈអគារព្យាបាលជំងឺកូវីដ-១៩នេះនឹងជាផ្នែកមួយបន្ថែមទៀតសម្រាប់ជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ទោះបីបងប្អូនប្រជាពលរដ្ឋក្រីក្រ ឬអ្នកមានក៏អាចចូលមកទទួលសេវាសុខាភិបាលព្យាបាលបានដូចគ្នា។

ឯកឧត្តមអភិបាលខេត្តបន្តថា ទោះបីជំងឺកូវីដ១៩ មិនមានឆ្លងថ្មីក៏ដោយ ក៏យើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសនោះឡើយ។

ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា ក្រោយពីដាក់ឱ្យដំណើរការអគារតេជោព្យាបាលជំងឺកូវីដ-១៩ ប្រជាពលរដ្ឋខេត្តព្រះសីហនុ នឹងមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកនេះកាន់តែមានមភាពងាយស្រួល។ ទន្ទឹមនោះឯកឧត្តម ក៏បានណែនាំក្រុមគ្រូពេទ្យត្រូវតែខិតខំជួយពិនិត្យព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរឱ្យអស់លទ្ធភាព ៕ សំណាង


Telegram