អន្តរជាតិ៖ របបយោធាមីយ៉ាន់ម៉ា បាននិយាយថា ការអំពាវនាវរបស់សកម្មជនប្រជាធិបតេយ្យលេចធ្លោពីររូប ប្រឆាំងនឹងការកាត់ទោសប្រហារជីវិតរបស់ពួកគេ ត្រូវបានច្រានចោល ដែលបើកផ្លូវសម្រាប់ការកាត់ទោសប្រហារជីវិតលើកដំបូងរបស់ប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។
សូមរម្លឹកថា សកម្មជនប្រជាធិបតេយ្យជើងចាស់ លោក Kyaw Min Yu និងលោក Phyo Zeya Thaw តំណាងរាស្រ្តគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលមេទ័ពទម្លាក់ចេញពីអំណាចក្នុង រដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១ ត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការយោធាកាលពីខែមករា ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ និងអំពើភេរវកម្ម។ នេះបើតាមសេចក្តីថ្លែងការណ៍របស់យោធានៅពេលនោះ។
អ្នកនាំពាក្យយោធាបាននិយាយកាលពីថ្ងៃសុក្រថា បណ្តឹងឧទ្ធរណ៍របស់បុរសទាំងពីរ ប្រឆាំងនឹងការកាត់ទោសប្រហារជីវិតត្រូវបានច្រានចោល។ អ្នកនាំពាក្យ លោក Zaw Min Tun បានប្រាប់សេវាភាសាភូមារបស់ BBC ថា «កាលពីមុន អ្នកទោសដែលត្រូវបានកាត់ទោសប្រហារជីវិតអាចប្តឹងឧទ្ធរណ៍បាន ហើយប្រសិនបើគ្មានការសម្រេចចិត្តទេនោះ ការកាត់ទោសប្រហារជីវិតរបស់ពួកគេនឹងមិនត្រូវបានអនុវត្តទេ»។ លោកបានថ្លែងថា៖ «នៅពេលនេះ បណ្តឹងឧទ្ធរណ៍នោះត្រូវបានច្រានចោល ដូច្នេះការកាត់ទោសប្រហារជីវិតនឹងត្រូវបានអនុវត្ត»។
មិនមានព័ត៌មានលម្អិតថាតើការប្រហារជីវិតនឹងកើតឡើងនៅពេលណានោះទេ។
ទោះបីជាយោធាបាន កាត់ទោសប្រហារជីវិតសកម្មជនប្រឆាំងរដ្ឋប្រហាររាប់សិបនាក់ ជាផ្នែកមួយនៃការបង្រ្កាបលើការមិនពេញចិត្តរបស់ខ្លួន បន្ទាប់ពីការដណ្តើមអំណាចកាលពីឆ្នាំមុនក៏ដោយ ក៏មីយ៉ាន់ម៉ាមិនបានអនុវត្តការប្រហារជីវិតអស់ជាច្រើនទសវត្សរ៍មកហើយ។
លោក Phil Robertson នាយករងអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថាការសម្រេចចិត្តដើម្បី «ឆ្ពោះទៅរកការប្រហារជីវិតមេដឹកនាំនយោបាយលេចធ្លោពីរ នឹងដូចជាចាក់សាំងលើភ្លើង នៃការតស៊ូប្រឆាំងយោធានៅក្នុងប្រទេស»។ «ទង្វើបែបនេះក៏នឹងនាំទៅដល់ការថ្កោលទោសជាសាកល និងពង្រឹងកេរ្តិ៍ឈ្មោះរបស់របបយោធាថា ក្នុងចំណោមអ្នករំលោភសិទ្ធិមនុស្សដ៏អាក្រក់បំផុតនៅអាស៊ី»។
ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ចំនួនមនុស្សផ្លាស់ទីលំនៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលហែកហួរដោយជម្លោះមានជាលើកដំបូងលើសពី១លាននាក់ ជាមួយនឹងជាងពាក់កណ្តាលនៃចំនួនសរុបដែលបានបាត់បង់ផ្ទះសម្បែង បន្ទាប់ពីការកាន់កាប់ដោយយោធានៅឆ្នាំ២០២១។
របាយការណ៍បាននិយាយថា មនុស្សជាង៦៩៤,៣០០នាក់បានផ្លាស់ទីលំនៅចេញពីផ្ទះរបស់ពួកគេ ចាប់តាំងពីការកាន់កាប់ ហើយមនុស្សប្រមាណ ៣៤៦,០០០នាក់ត្រូវបានផ្លាស់ទីលំនៅដោយការប្រយុទ្ធគ្នាមុនពេលរដ្ឋប្រហារឆ្នាំមុន។
ចំណែកមនុស្សប្រហែល ៤០,២០០នាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ហើយ«ទ្រព្យសម្បត្តិស៊ីវិល»ជាង ១២,៧០០ រួមទាំងផ្ទះ ព្រះវិហារ វត្តអារាម និងសាលារៀន ត្រូវបានប៉ាន់ប្រមាណថា ត្រូវបាន បំផ្លាញ នេះបើយោងតាមអង្គការសហប្រជាជាតិ៕
ប្រភព៖ Al Jazeera