សម្តេចក្រឡាហោម ស ខេង អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅការិយាល័យបោះឆ្នោត សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង
ព័ត៌មានជាតិ
69

ខេត្តបាត់ដំបង ៖ ចេញផ្សាយ ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងបានអញ្ជើញបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅការិយាល័យបោះឆ្នោត ស្ថិតក្នុងអនុវិទ្យាល័យសោហ៊ឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បាន បើកជាផ្លូវការព្រឹកនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឱ្យដឹងថា ឃុំ សង្កាត់ទូទាំងប្រទេសក្នុងអាណត្តិទី៥នេះ មានចំនួន ១ ៦៥២ ឃុំ សង្កាត់។ ចំណែកឯអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់វិញ មានសរុបចំនួន ១១ ៦២២ អាសនៈ។ ដោយឡែកប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបមានចំនួន ៩ ២០៥ ៦៨១ នាក់ ស្មើនឹង៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤ ៩០៤ ៨៣២នាក់។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានសិទ្ធិស្មើៗគ្នា បោះឆ្នោតម្នាក់មួយសន្លឹកដូចៗគ្នា ដើម្បីបង្ហាញការគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ គិតចាប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃ ស និងរហូតមកដល់ព្រឹកថ្ងៃបោះឆ្នោត ថ្ងៃទី០៥ ខែមិថុនានេះ បរិយាកាសជារួមនៃដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

ចាប់ពីម៉ោង៧ ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យបោះឆ្នោតនីមួយៗបានបើកទ្វារទទួលប្រជាពលរដ្ឋអញ្ជើញមកបោះឆ្នោត ជាមួយនឹងវត្តមានអញ្ជើញមកបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលជាការបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋបានផ្ដល់ការគាំទ្រខ្ពស់ដល់ដំណើរប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈយន្តការជ្រើសរើសមេដឹកនាំដោយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។

សូមជម្រាបជូនថា កម្ពុជាបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន៥ដងរួចហើយរាប់ទាំងការបោះឆ្នោតនៅថ្ងៃនេះ។ ការបោះឆ្នោត កាលពីអាណត្តិទី១បានធ្វើឡើងកាលពីឆ្នាំ២០០២ និងជាបន្តបន្ទាប់នៅឆ្នាំ២០០៧, ឆ្នាំ២០១២, ឆ្នាំ២០១៧ និងឆ្នាំ២០២២នេះ។ តាមរយៈការបោះឆ្នោតនេះ ប្រជាពលរដ្ឋជាអ្នកជ្រើសរើសមេដឹកនាំឃុំ សង្កាត់ខ្លួនដោយផ្ទាល់ជារៀងរាល់៥ឆ្នាំម្ដង ៕ដោយ ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ ធូ កុសល


Telegram