ខេត្តព្រះសីហនុ ៖ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងបញ្ជាទិញអាវុធធុនធ្ងន់ទំនើបៗដើម្បីយកមកការពារខ្លួនឱ្យសមស្រប ដើម្បីការពារខ្លួនពីការគំរាមកំហែងពីប្រទេសនានា។
ការគូសបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ នេះ ក្នុងពិធីបើកការដ្ឋានសាងសង់នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ដោយបានអះអាងថា រាជរដ្ឋាភិបាលនឹងបញ្ជាទិញអាវុធទំនើបៗដើម្បីយកមកការពារខ្លួន និងការគំរាមកំហែងពីប្រទេសនានា ហើយកម្ពុជាប្រកាសទទួលយកជំនួយជាអាវុធគ្រប់ធុន គ្រាប់រំសេវពីប្រទេសជាមិត្ត។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា “កម្ពុជាបានទទួល ជំនួយឥតសំណងពីប្រទេសជាមិត្តដូចជាសម្ភារសឹក អាវុធធុនធ្ងន់ និងទំនើប ហើយបច្ចុប្បន្ននេះយើងកំពុងធ្វើការហ្វឹកហ្វឺនជំនាញ បញ្ហាបច្ចេកទេស និងប្រើប្រាស់ ហើយនៅពេលខាងមុខកម្ពុជានឹងទទួលជំនួយពីប្រទេសជាមិត្ត ហើយនឹងទិញអាវុធធុនធ្ងន់ ទំនើបៗ”។
សម្តេចពិជ័យសេនាក៏បានសង្កត់ធ្ងន់ថា នៅពេលខាងមុខនេះយើងនឹងទិញសម្ភារសឹក ធុនធ្ងន់ទំនើបៗពីប្រទេសនានាសម្រាប់ពង្រឹងសមត្ថភាពយោធារបស់ខ្លួនស្របតាមមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងដែរថាកម្ពុជាគ្មានចេតនាគំរាមកំហែង ដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ការពង្រឹងសមត្ថភាពកងទ័ព ប្រទេសដទៃឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួនកាន់តែប្រសើរឡើងថែមទៀត ដើម្បីធានាទប់ទល់នឹងសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងកើតមាន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ទៀតថា កម្ពុជាគ្មានគោលនយោបាយជ្រើសរើស ប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយណាឡើយ ។ សម្រាប់ការពង្រឹងនិងអភិវឌ្ឍន៍ កងយោធពលខេមរភូមិន្ទកម្ពុជានៅតែបើកចំហចំពោះការជួយឧបត្ថម្ភគាំទ្រពីសំណាក់ ប្រទេសជាមិត្តនានាដោយមិនប្រកាន់និន្នាការ ការរើសអើង និងផលប្រយោជន៍ទៅវិញទៅមកឡើយ។ “ខ្ញុំប្រកាសជាថ្មីថាការអនុវត្តសមត្ថភាពកងយោធពលខេមភូមិន្ទមិនមែនត្រឹមតែការធ្វើទំនើបកម្មលើកម្រិតក្នុងមូលដ្ឋានសមុទ្ររាមប៉ុណ្ណោះទេ កម្ពុជានឹងបន្ត ធ្វើកងយោធពលខេមភូមិន្ទឱ្យមានសមត្ថភាពខ្ពស់ អាចធានាដល់ការការពារអធិបតេយ្យ បូរណភាពទឹកដី របស់ខ្លួនតែ ថែមទាំងអាចបំពេញករណីកិច្ចដទៃប្រកបដោយជោគជ័យដូចជា ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការសង្គ្រោះគ្រោះមហន្តរាយ និងប្រតិបត្តិការរក្សាសន្តិភាពជាដើម”។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យសេនា ទៀ បាញ់។
ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានពន្យល់ទាក់ទងនឹង “ត្រាយដុក ឬហៅដុក” ដែលអាចជួសជុលនាវា ដែលនៅ តំបន់នេះក្នុងខេត្តចំនួន៤មិនទាន់មានទេ ដែលនេះជាការ ប៉ុនប៉ងយ៉ាងទទូចពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រសួងការពារជាតិ ដែលតែងតែស្វះស្វែងក្នុងការកសាងតាំងពីយូរណាស់មកហើយ។
សម្តេចពិជ័យសេនាបន្តថា បើសិនមាននាវាណាមួយខួចខាត ឬរងប៉ះទង្គិចណាមួយតម្រូវឱ្យមានការជួសជុលនោះ នឹងអូសមកជួសជុលភ្លាម ដែលនេះជាសារៈសំខាន់ មិនថាតែនាវារបស់កម្ពុជាទេ សូម្បីតែនៅពេលអនាគត នាវាដឹកជញ្ជូនដែលខូតខាតអាចធ្វើការជួសជុលបាន ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងទៀតថា ការសាងសង់រោងជាងជួសជូលនាវា ផែសំចត និងស្តារឃ្លង នៅពេលនេះជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់សម្រាប់អភិវឌ្ឍន៍សមត្ថភាពកងទ័ព ដែលជាជ្រុងអាទិភាពនៃការកែទម្រង់កម្លាំងប្រដាប់អាវុធក្នុងយុទ្ធសាស្ត្ររបស់រាជដ្ឋាភិបាល។
សម្តេចពិជ័យសេនាមានជំនឿថា បន្ទាប់ពីការសាងសង់រោងជាងជួសជូលនាវា ផែសំចត និងស្តារឃ្លងដែលបំពាក់ដោយឧបករណ៍ទំនើបរួចនឹងផ្តល់ឱកាសដល់កងទ័ពជើងទឹកកម្ពុជានូវចំណេះដឹង សមត្ថភាព ប្រកបដោយជំនាញវិជ្ជាជីវៈ ហើយឆ្លើយតបនឹងតម្រូវការរបស់ប្រទេសជាតិទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត៕