អាមេរិក ព្រមានពីការឆ្លើយតបដោយបង្ខំ ប្រសិនបើកូរ៉េខាងជើង សាកល្បងអាវុធនុយក្លេអ៊ែរ
អន្តរជាតិ
237

អន្តរជាតិ៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បាននិយាយថា នឹងមានការឆ្លើយតប «ដោយបង្ខំ»ពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងពិភពលោក ប្រសិនបើកូរ៉េខាងជើង ធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

លោកស្រី Sherman បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះ បន្ទាប់ពីការពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោក Cho Hyun-dong នៅក្នុងទីក្រុងសេអ៊ូលថា«ការសាកល្បងនុយក្លេអ៊ែរ ណាមួយនឹងបំពានទាំងស្រុង លើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយ នឹងមានការឆ្លើយតបយ៉ាងរហ័ស និងដោយបង្ខំ ចំពោះការសាកល្បងបែបនេះ» ។

លោកស្រី Sherman បានបន្ថែមថា«ពិភពលោកទាំងមូលនឹងឆ្លើយតបយ៉ាងរឹងមាំ និងច្បាស់លាស់។ យើង បាន ត្រៀម ខ្លួន រួចរាល់ហើយ»។

ស្របពេល មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសកូរ៉េខាងជើង ដែលបានធ្វើការបាញ់មីស៊ីល ចំនួនមិនធ្លាប់មានពីមុនមកនៅឆ្នាំនេះ នឹងឆាប់សាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧។

កាលពីថ្ងៃច័ន្ទ កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់ មីស៊ីល ចំនួន៨គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង មួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបាន បាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយខ្លី ។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា ការផ្លាស់ប្តូររបស់កូរ៉េខាងជើង ដើម្បីពង្រីកទីតាំងសំខាន់ៗ នៅកន្លែងនុយក្លេអ៊ែរដ៏សំខាន់របស់ខ្លួន នៅ Yongbyon បន្តរីកចម្រើនទៅមុខ។

លោក Rafael Grossi ប្រធាន IAEA បានធ្វើការកត់សម្គាល់ថា នៅឯ Punggye-ri ដែលជាកន្លែងសាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង មានការបង្ហាញថា ច្រកមួយដែលគេស្គាល់ថា adits ត្រូវបានបើកឡើងវិញ ដែលអាចជាការរៀបចំសម្រាប់ការសាកល្បងនុយក្លេអ៊ែរ។ ទីតាំងនេះត្រូវបាន រុះរើនៅក្នុងឆ្នាំ ២០១៨ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ជេអ៊ីន ។

គួរបញ្ជាក់ថា ក្នុង ដំណើរ ទស្សនកិច្ច របស់ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទៅ ទីក្រុង សេអ៊ូល លោកស្រី Sherman បាន បញ្ជាក់ ជា ថ្មី ថា រដ្ឋបាល អាមេរិក នៅ តែ បើក ចំហ ក្នុង ការ ចរចា។ ការពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរត្រូវបានជាប់គាំង ចាប់តាំងពីការ ដួលរលំនៃកិច្ចប្រជុំកំពូលកម្រិតខ្ពស់ រវាងលោក គីម និង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ២០១៩៕

ប្រភព៖  Al Jazeera

Telegram