លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ដូសជំរុញ) គឺជាចាក់ដ៏ចាំបាច់ព្រោះថា វ៉ាក់សាំងកូវីដ-១៩ មានសុពលភាពខ្លី
ព័ត៌មានជាតិ
163

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ដូសជំរុញ) គឺជាចាក់ដ៏ចាំបាច់ព្រោះថា វ៉ាក់សាំងកូវីដ-១៩ មានសុពលភាពខ្លី (ប្រសិទ្ធភាពមានពី៦ខែ ទៅ ៨ខែតែប៉ុណ្ណោះ)។

លោកជំទាវវេជ្ជបណ្ឌិត បានពន្យល់បន្ថែមថា ៖ «យើងត្រូវតែមានការចាក់ជាបន្តបន្ទាប់ទៅមុខទៀត គឺដោយសារវ៉ាក់សាំងកូវីដ-១៩នេះ វាមិនបានផ្តល់ភាពស៊ាំនៅក្នុងរាងកាយបានយូរដូចវ៉ាក់សាំងផ្សេងៗទៀតនោះទេ។ ក្នុងអំឡុងពេល៣ខែ វាចាប់ផ្តើមថយប្រសិទ្ធភាពការពារបុគ្គលបន្តិចម្តងៗ រហូតទាល់តែអស់ទាំងស្រុងនៅរយៈពេល៨ខែ ឬមុននេះ។ ដូច្នេះការចាក់ដូសជំរុញ គឺមានសារៈសំខាន់ណាស់ដើម្បីបង្កើនអង្គបដិបក្ខការងារខ្លួនបុគ្គលឡើងវិញ»។

ជាមួយគ្នានេះ លោកជំទាវក៏បានបញ្ជាក់ផងដែរថា ៖ «វ៉ាក់សាំងជាឧបករណ៍ជួយសង្គ្រោះអាយុជីវិតបងប្អូនជនរួមជាតិ ហើយបទពិសោធន៍ក្នុងការប្រើប្រាស់វ៉ាក់សាំងកន្លងទៅនេះ គឺអាចលុបបំបាត់ជំងឺនេះបានជាច្រើន និងមិនប៉ះពាល់ដល់សុខភាពនោះទេ បើទោះជាចាក់ច្រើនដង»។

បន្ថែមពីលើនេះ លោកជំទាវក៏បានអំពាវនាវដល់ជនរួមជាតិមកទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ព្រោះកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ផ្តល់ជូនទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងដូសទី៣ ដូសទី៤ និងដូសទី៥។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កម្ពុជាមិនបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ថ្មី ជាងមួយខែមកហើយៗក៏មិនមានអ្នកវិជ្ជមានជំងឺនេះនៅក្នុងប្រទេសនោះដែរ បើគិតត្រឹមថ្ងៃនេះ៕


Telegram