ចិន បង្ហាញនាវាគ្មានមនុស្សបើកដំណើរការដោយប្រព័ន្ធ AIដំបូងឈានមុខគេលើពិភពលោក ទប់ទល់សហរដ្ឋអាមេរិក
អន្តរជាតិ
273

ប៉េកាំង៖ សារព័ត៌មាន Business Insider បានចេញផ្សាយនៅថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ២០២២នេះថា នាវាគ្មានមនុស្សបើក ឬនាវាដ្រូន ដំណើរការដោយប្រព័ន្ធ AI ជាដំបូងរបស់ប្រទេសចិន បានឆ្លងកាត់ការសាកល្បង ប្រកបដោយជោគជ័យ ជាលើកដំបូង នៅក្នុងសមុទ្រចិន ដោយនាវាដ្រូននេះមានសមត្ថភាពបច្ចេកវិទ្យាមួយចំនួនរបស់វា ឈានមុខគេ នៅលើពិភពលោក។

ការចាប់ផ្ដើមសាកល្បងនាវាគ្មានមនុស្សបើកបរ ប្រកបដោយជោគជ័យ ជាលើកដំបូងរបស់ខ្លួន នៅក្នុងសមុទ្រចិននេះគឺ

ស្របពេលសហរដ្ឋអាមេរិក បានរៀបចំល្បែងសង្គ្រាមដ៏ធំ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយមានមន្រ្ដីយោធា មកពីប្រទេសចំនួន២៦ ចូលរួមធ្វើសមយុទ្ធនោះ ។

ជាមួយគ្នានេះ លោក មូ ហៃហ្វាង (Mu Haifang) ប្រធានក្រុមហ៊ុន Beikun បានប្រាប់ សារព័ត៌មាន Business Insider ថា នាវាគ្មានមនុស្សបើក (USV) ឬនាវាដ្រូននេះ បានដាក់ឲ្យឆ្លងកាត់តាមវិធីពីរ ដែលបានរៀបចំ ប្រកបដោយជោគជ័យ និង ប្រមូលទិន្នន័យ តាមការគ្រោងទុក។

បើយោងតាមសារព័ត៌មាន South China Morning Post បានឲ្យដឹងថា នាវាគ្មានមនុស្សបើក (USV) នេះ មានទម្ងន់២០០តោន ហើយវាមានលក្ខណៈស្រដៀងគ្នានឹងនាវាកូនកាត់គ្មានមនុស្សបើក មានរហ្សនាម អ្នកប្រមាញ់តាមដែនសមុទ្រ (Sea Hunter) របស់សហរដ្ឋអាមេរិក និង នាវាពិឃាដរបស់សហរដ្ឋអាមេរិក ប្រភេទ ហ្ស៊ូមវ៉ាល់ត៍-ក្លាស (Zumwalt-class )។ នាវាដ្រូនថ្មីរបស់ចិនប្រភេទនេះ បានបញ្ចប់ការធ្វើដំណើរ តាមសមុទ្រ រយៈពេល៣ម៉ោង នៅសមុទ្រ Zhoushan ស្ថិតក្នុងខេត្តហ្សេជៀង ( Zhejiang) នាភាគខាងកើត ប្រទេសចិន។

មិនតែប៉ុណ្ណោះ លោក Matthew Funaiole អ្នកជំនាញជាន់ខ្ពស់នៃគម្រោងថាមពលចិន នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើក ក៏អាចត្រូវបានប្រើប្រាស់ដោយយោធារបស់ប្រទេសចិន ដើម្បីប្រមូលផ្តុំការស៊ើបការណ៍សម្ងាត់នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានការប្រកួតប្រជែង ដែលប្រទេសមួយចំនួនបានទាមទារទឹកដី ។

ក្នុងនោះ លោក មូ ហៃហ្វាង ប្រធានក្រុមហ៊ុនបង្កើននាវាគ្មានមនុស្សបើក បានបញ្ជាក់ថា នាវាគ្មាមនុស្សបើក ប្រភេទនេះ មានលក្ខណៈពិសេសបំផុតរបស់វា គឺបំពាក់បញ្ញាសិប្បនិម្មិត ជាមួយនឹងបច្ចេកវិទ្យាតាមដានស្វ័យប្រវត្ដិ។ ចំណែកគ្រឿងបំពាក់ ឬបង្គុំ គ្រប់ផ្នែកទាំងអស់ ផលិត នៅក្នុងប្រទេសចិន សុទ្ធសាធ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន បានធ្វើការអះអាងកាន់តែខ្លាំងឡើង អំពីអធិបតេយ្យភាពលើសមុទ្រ ហើយបាននិងកំពុង កសាងវត្តមានយោធារបស់ខ្លួន។ ប្រទេសចិនគឺជាអ្នកសាងសង់នាវាដ៏ធំបំផុតរបស់ពិភពលោក ហើយមានមហិច្ឆតាចង់ក្លាយជា «មហាអំណាចដែនសមុទ្រ»។

ទោះបីជាសមត្ថភាព និងការប្រើប្រាស់របស់នាវានេះនៅតែត្រូវបានគេមើលឃើញក៏ដោយ ក៏យោធានៅទូទាំងពិភពលោក បាននិងកំពុងផ្តោតកាន់តែខ្លាំងឡើងលើការបង្កើត យន្តហោះគ្មានមនុស្សបើក និងយានយន្តគ្មានមនុស្សបើកដូចគ្នាផងដែរ៕

ប្រភព៖ Business Insider

Telegram