រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មី អំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធថានឹងត្រូវចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣។
យោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ម្សិលមិញខ្ញុំបានប្រកាស អំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងភាពមិនច្បាស់លាស់ អំពីពេលវេលាដែលបង្កឱ្យមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ ជូនថាការដំឡើងបៀវត្សរ៍នឹងត្រូវចាប់ផ្តើម នៅខែមករាឆ្នាំ២០២៣»។
សូមជំរាបថាការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានការភ័ន្តច្រឡំពីពេលវេលា ដែលសម្តេចបានប្រកាសកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០- ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នៅរាជធានីភ្នំពេញ។