អង្គការសហប្រជាជាតិ អំពាវនាវជាបន្ទាន់ទៅរបបយោធាមីយ៉ាន់ម៉ា ឱ្យបញ្ឈប់ការកាត់ទោសប្រហារជីវិតទៅលើសកម្មជន និងអតីតសមាជិកសភាមកពីគណបក្សរបស់លោកស្រី ស៊ូជី
អន្តរជាតិ
323

អន្តរជាតិ៖ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា របបយោធាមីយ៉ាន់ម៉ា ទំនងជាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយបានជំរុញឱ្យអាជ្ញាធរបញ្ឈប់ការប្រហារជីវិតដែលបានគ្រោងទុក រួមទាំងសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

យោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាចកាលពីថ្ងៃទី ០១ ខែកុម្ភៈឆ្នាំមុន ដោយបានបណ្តេញរដ្ឋាភិបាលស៊ីវិល និងចាប់ខ្លួនមេដឹកនាំពិតប្រាកដរបស់ខ្លួន គឺលោកស្រី អ៊ុងសាន ស៊ូជី។ ចាប់តាំងពីពេលនោះមក របបយោធាបានធ្វើការបង្ក្រាបយ៉ាងបង្ហូរឈាមលើអ្នកប្រឆាំង។

ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានព្រមានថា ការបន្តដំណើរការកាត់ទោសតាមផ្លូវតុលាការជាលើកដំបូងរបស់ប្រទេស ចាប់តាំងពីឆ្នាំ ១៩៩០ នឹង «រំលោភលើសិទ្ធិរស់រានមានជីវិត»។

លោកស្រីបានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា«ខ្ញុំសូមអំពាវនាវជាបន្ទាន់ដល់អាជ្ញាធរយោធា ឱ្យចៀសវាងពីជំហានដែលមានការគៀបសង្កត់បែបនេះ»។

គួរបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ាក្នុងខែនេះបាននិយាយថា ខ្លួននឹងប្រហារជីវិតអតីតសមាជិកសភាមកពីគណបក្សរបស់លោកស្រី ស៊ូជី និងសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ ដែលទាំងពីរត្រូវបានកាត់ទោសពីបទភេរវកម្ម។ ពួកគេ ស្ថិត ក្នុង ចំណោម មនុស្ស រាប់ សិប នាក់ ដែល ត្រូវ បាន កាត់ ទោស ប្រហារ ជីវិត ជា ផ្នែក មួយ នៃ ការ បង្ក្រាប របស់ របប យោធា។

បន្ថែមពីនេះ កាលពីថ្ងៃអង្គារ លោកស្រី Bachelet បានលើកឡើងម្តងទៀតនូវការរកឃើញរបស់ការិយាល័យរបស់លោកស្រីដែលថា ការរំលោភបំពានរបស់យោធា ចាប់តាំងពីរដ្ឋប្រហារ អាចជា«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម»។

លោកស្រីបាននិយាយថា ការសម្លាប់យ៉ាងហោចណាស់ ១,៩០០នាក់ ដោយយោធា ត្រូវបានរាយការណ៍ចាប់តាំងពីរដ្ឋប្រហារ ដោយមានមនុស្សជាង១៣,៥០០ នាក់ ត្រូវបានចាប់ខ្លួនដោយបំពាន រួមទាំងអ្នកនយោបាយ អ្នកកាសែត និងមេធាវីផងដែរ។ លោកស្រីបន្ថែមថា មាន មនុស្ស ជាង ១០.៥០០ នាក់ កំពុង ជាប់ ឃុំ។

លើសពីនេះ អំពើហិង្សាក្រោយរដ្ឋប្រហារបានរុញច្រានចំនួនជនភៀសខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដល់ជាង១លាននាក់ ដោយក្នុងនោះប្រហែល១៤លាននាក់នៅក្នុងប្រទេស ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ នេះបើយោងតាមអង្គការសហប្រជាជាតិ៕

ប្រភព៖ Bangkok Post

Telegram