សម្ដេចក្រឡាហោម ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិ បាត់ដំបង
ព័ត៌មានជាតិ
94

ខេត្តបាត់ដំបង ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២--នៅថ្ងៃ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញា បត្រជាន់ខ្ពស់ ជូនដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន ៦០៤នាក់ ។សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះអាជ្ញាធរខេត្តបាត់ដំបង ដែលបានផ្ដល់កិច្ចសហការល្អជាមួយនឹងសាកលវិទ្យាល័យកន្លងមក និងសូមកោតសរសើរដោយស្មោះចំពោះគណៈគ្រប់ គ្រង មន្ត្រី បុគ្គលិក គ្រូបង្រៀន និងដៃគូសហប្រតិបត្តិការទាំងអស់ របស់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ប្រកប ដោយគុណភាព និងសក្តានុពលភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសង្គមជាតិ។សម្តេចក្រឡាហោម បានបន្តទៀតថា គុណភាពនៃការអប់រំបណ្តុះបណ្តាល គឺជាកត្ដាអាទិភាពសំខាន់បំផុត ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាឱ្យតម្លៃ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាប្ដេជ្ញាចិត្ត ធ្វើឱ្យបានក្នុងការ បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព មនសិការ ក្រមសីលធម៌ វិជ្ជាជីវៈ ដែលអាចបំពេញការងារបានស្របតាមតម្រូវការ នៃស្ថាប័ននិយោជកទាំង វិស័យសាធារណៈ និងវិស័យឯកជន»។គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៨មក សាកលវិទ្យាល័យជាតិបាត់ដំបង បានបណ្តុះបណ្តាលនិស្សិតបានចំនួនជាង ២ម៉ឺននាក់ ដែលជាធនធានមនុស្សរបស់ជាតិដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ ក្នុងឆ្នាំសិក្សាថ្មីនេះ សិស្សបានចុះឈ្មោះចូលរៀនមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ហើយពេលនេះនិស្សិតកំពុងសិក្សា លើជំនាញឯកទេសសរុបចំនួន ៣៩មុខវិជ្ជា ហើយនៅក្នុងឆ្នាំ២០២២ មាននិស្សិតចំនួន ៤ ៥៨៩នាក់ កំពុងសិក្សា៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)


Telegram