រាជធានីភ្នំពេញ ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា ប្រទេសរបស់យើងចាប់ផ្ដើមមានកូវីដ ១៩សារជាថ្មី បន្ទាប់ពីអាក់ខានរយៈពេល ៥២ថ្ងៃកន្លងទៅ ហើយដែលថ្ងៃទី៥៣នេះ យើងបានចាប់ផ្ដើមមានកូវីដ១៩ មានទាំងអ្នក នៅក្នុងប្រទេស អ្នកធ្វើវិញ្ញាបនបត្រសម្រាប់ចេញទៅក្រៅប្រទេស និងអ្នកដែលមកពី ក្រៅប្រទេស ដែលមានការពិនិត្យតាមរយៈ ម៉ាស៊ីនធំ PCR និងតាមរយៈការធ្វើតេស្តរហ័ស។
ក្នុងសារបន្ទាន់ជាសំឡេងផ្ញើជូនជនរួមជាតិ នាយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅក្នុងថ្ងៃនេះ យើងបានសង្កេតឃើញអំពីការចាប់ផ្ដើមឆ្លងឡើងវិញនូវកូវីដ១៩ ដែលនៅក្នុងនោះយើងបានរកឃើញអ្នកដែលឆ្លងក្នុងសហគមន៍ តាមរយៈនៃការធ្វើតេស្ត PCRមួយចំនួន ទៅលើអ្នកធ្វើទម្រង់បែបបទចេញទៅក្រៅប្រទេសមួយចំនួន និងមួយចំនួនទៀត គឺអ្នកដែលបានវិលត្រឡប់ពៅក្រៅប្រទេស ចូមមកក្នុងប្រទេសវិញ។ សម្ដេចតេជោបន្តថា នេះជាការបញ្ជាក់ដោយម៉ាស៊ីន PCR ដែលយើងបានធ្វើសម្រាប់អ្នកឆ្លងក្នុងសហគមន៍ អ្នកមកពីក្រៅប្រទេស និងអ្នកធ្វើវិញ្ញាបនប័ត្រសម្រាប់ការចេញទៅក្រៅប្រទេស។ ទន្ទឹមនេះ សម្ដេចតេជោក៏បានទទួលព័ត៌មានថា នៅតាមទីកន្លែងមួយចំនួន ក្នុងការធ្វើតេស្តរហ័ស ក៏ឃើញវិជ្ជមាននៃកូវីដ១៩។ ដូច្នេះអាចសន្មត់បានថា កូវីដ១៩ វាចាប់ផ្ដើមឡើងវិញ ទោះបីជាក្នុងចំនួនតិចក៏ដោយចុះ ហើយអាការៈមិនទាន់ធ្ងន់ធ្ងរក៏ដោយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុង ប្រយ័ត្ន ទៅលើការការពារសុខភាពផ្ទាល់ ខ្លួន។ នៅគ្រប់ទីកន្លែងទាំងអស់ត្រូវតែមានវិធានការហ្មត់ចត់ ដើម្បីបញ្ចៀសនូវការរីករាលដាលចូលទៅក្នុងសហគមន៍ ទៅក្នុងក្រុមគ្រួសារ ឬតាមស្ថាប័ននានាផងដែរ។ ជាងនេះទៀត ត្រូវយកចិត្តទុកដាក់ឱ្យបានដិត ដល់ទៅលើការពិនិត្យតាមដាន នូវការវិវត្តលើបញ្ហានេះ ដោយក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបញ្ចៀសករណី នៃការរីករាលដាលធ្ងន់ធ្ងរ ដែលអាចកើត មានជាយថាហេតុ។ សម្ដេចតេជោក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តន៍ នូវវិធានការសុខាភិបាលដែលបានដាក់ចេញ ដូចជា វិធានការបីកុំ និងបីការពារ។ល។ ដើម្បីបញ្ចៀសនូវការរីករាលដាលនៃជំងឺឆ្លងនេះ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានស្នើ ឱ្យបងប្អូនជនរួមជាតិ ដែលមិនទាន់បានទទួលវ៉ាក់សាំងដូសជំរុញ ត្រូវខិតខំប្រញាប់ប្រញាល់ ដើម្បីទទួលបាននូវ៉ាក់ សាំងដូសជំរុញ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ថ្លែងសង្កត់ធ្ងន់ថា ប្រសិនបើមិនមានវិធានការហ្មត់ចត់ទេនោះ ប្រទេសរបស់យើងនឹងអាចវិលត្រឡប់ទៅក្នុងស្ថានភាពដ៏អាក្រក់ជាមិនខាន។ សម្ដេចតេជោ សង្ឃឹមជឿជាក់ ទៅលើការចូលរួមរបស់ប្រជាពលរដ្ឋទាំអស់ ក្នុងការការពារខ្លួន តាមរយៈនៃការពាក់ម៉ាស លាងដៃ និងការរក្សាគម្លាត ហើយខិតខំអនុវត្តន៍នូវវិធានការទាំងឡាយ ដែលក្រសួង សុខាភិ បាលបានដាក់ចេញ ដើម្បីរក្សាសុខភាពផ្ទាល់ខ្លួន សុខភាពក្រុមគ្រួសារ និងសហគមន៍។ សម្ដេចតេជោបានប្រកាសជាថ្មីថា ប្រទេសរបស់យើងចាប់ផ្ដើមមានកូវីដ១៩ សារជាថ្មី បន្ទាប់ពីអាក់ខានរយៈពេល៥២ថ្ងៃកន្លងទៅ។ ថ្ងៃទី៥៣ យើងបានចាប់ផ្ដើមមានកូវីដ១៩ហើយ មានទាំងអ្នកនៅក្នុងប្រទេស អ្នកធ្វើវិញ្ញាបនប័ត្រសម្រាប់ចេញទៅក្រៅប្រទេស និងអ្នកដែលមកពីក្រៅប្រទេស ដែលមានការពិនិត្យតាមរយៈម៉ាស៊ីនធំ PCR និងតាមរយៈការធ្វើតេស្តរហ័សផងដែរ។ សម្ដេចតេជោក៏បានអង្វរកចំពោះប្រជាពលរដ្ឋ ត្រូវខិតខំរក្សានូវសុខភាពផ្ទាល់ខ្លួន និងខិតខំទៅទទួលវ៉ាក់សាំង៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល