ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកអង្គសិក្ខាសាលាបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារនៅតាមបណ្តាខេត្ត- ក្រុង
ព័ត៌មានជាតិ
93

ខេត្តព្រះសីហនុ​ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកអង្គសិក្ខាសាលាបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារនៅតាមបណ្តាខេត្ត ក្រុង "សុខដុមនីយកម្មថាមវន្ត អភិវឌ្ឍ និងសហគមន៍" នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ ដោយមានការចូលរួមពីសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងម្ចាស់សហគ្រាសអាជីវកម្មក្នុងខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ។

ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានឱ្យដឹងថា សិក្ខាសាលាបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារ សហគ្រាសផលិត និងកែច្នៃចំណីអាហារខ្នាតមីក្រូ តូច និងមធ្យម និងកែច្នៃផលិតផលស្បៀង ចំណីអាហារ និងអាហារសមុទ្រ ដើម្បីជួយជំរុញថាមវន្តសក្តានុពលខេត្ត ដើម្បីរួមគ្នាធ្វើឱ្យចរន្តសេដ្ឋកិច្ចឆ្ពោះទៅមុខកាន់តែរហ័សថែមទៀត។

យើងត្រូវយល់ដឹងឱ្យបានច្បាស់ក្នុងនាមជាម្ចាស់សហគ្រាត្រូវត្រៀមខ្លួនចាប់ផ្ដើមដំណើរការសហគ្រាសអាជីវកម្ម ឬដំណើរការខ្សែចង្វាក់ផលិតកម្មផលិត និងការកែច្នៃរបស់ខ្លួនដោយអនុលោមតាមស្តង់ដារជាតិស្ដីពីម្ហូបអាហារ «ស្តង់ដាបញ្ជា ឬស្តង់ដារស្ម័គ្រចិត្ត បទប្បញ្ញត្តិពាក់ព័ន្ធ និងវិធានការអនាម័យសុវត្ថិភាពម្ហូបអាហារ ភូតគាមអនាម័យ កសិផល អនុផលជល ផលសមុទ្រ កសិផលកែច្នៃ និងអនុផលសមុទ្រកែច្នៃរួមទាំងកាតព្វកិច្ចរបស់សហគ្រាសមីក្រូតូច និងមធ្យម» ផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកអង្គសិក្ខាសាលាពង្រឹងសមត្ថភាពអ្នកផលិតចំណី អាហារបណ្ដាខេត្ត ក្រុង សុខដុមនីយកម្ម នៃការអភិវឌ្ឍន៍ និងសហគមន៍ ស្ដីពីការយល់ដឹងនីតិវិធី និងការចាប់ផ្ដើមដំណើរការផលិតកម្មចំណីអាហារ តម្លៃបន្ថែមនៃកសិផល និងកសិផលកែច្នៃ ដើម្បីបង្កើននិងពង្រឹងសមត្ថភាពផ្នែកចំណេះដឹងនិងការអនុវត្តចំពោះអ្នកផលិតចំណីអាហារនៅតាមបណ្ដាខេត្តប្រកបដោយសុវត្ថិភាព និងអនុលោមតាមច្បាប់ ស្ដីពីស្តង់ដាចំណីអាហារកម្ពុជា ដើម្បីឱ្យសហគ្រាសខ្នាតតូច និងមធ្យមក្នុងខេត្ត មានសមត្ថភាពពេញលេញតាមនិយាមស្តង់ដារជាតិ និងអន្តរជាតិជួយជំរុញល្បឿន នៃការអភិវឌ្ឍ ការបង្កើតការងារ ធានាបាននូវកំណើនសេដ្ឋកិច្ចទាក់ទាញការវិនិយោគ ដែលជាកោសិកាសេដ្ឋកិច្ច។

ការផ្សព្វផ្សាយ និងជំរុញចលនាផលិតផលក្នុងខេត្តចេញទៅបណ្ដាខេត្ត ក៏ដូចជាការជំរុញធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសក្នុងតំបន់ និងសាកលលោក ក្នុងគោលដៅអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជា កាត់បន្ថយភាពក្រីក្រធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា វិស័យផលិតកម្មផលិត និងកែច្នៃ ជាតម្រូវការស្តង់ដារសុវត្ថិភាពម្ហូបអាហារកម្ពុជា៖

ទី១.រក្សាធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ឬអ្នកទទួលទាន មានន័យថា ដើម្បីសុខមាលភាពប្រជាពលរដ្ឋក្នុងស្រុក

ទី២.លើកតម្កើងការប្រើប្រាស់ផលិតផលក្នុងស្រុក

ទី៣.សហគ្រាសខ្នាតតូច និងមធ្យមត្រូវពង្រឹងសមត្ថភាពផលិត និងខ្សែចង្វាក់ផលិតកម្មប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងគុណធម៌ជាអ្នកផលិត

ការច្នៃ ផលិតផលម្ហូបអាហារ តាមរយៈការពង្រឹងកម្រិតយល់ដឹងលើបទបញ្ញត្តិពាក់ព័ន្ធនឹងវិធានអនាម័យសុវត្ថិភាពម្ហូបអាហារ ភូតគាមអនាម័យកសិផល និងកសិផលកែច្នៃរួមទាំងកាតព្វកិច្ចក្នុងនាមសហគ្រាសខ្នាតតូច និងមធ្យមពីសំណាក់ម្ចាស់សហគ្រាសលើដំណើរការចង្វាក់ផលិតកម្មផ្ទាល់កាន់តែមានប្រសិទ្ធិភាពផងដែរ ៕ សំណាង


Telegram