ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានបង្ហោះ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បង្ហាញពី ល្អាងស្ពាន ស្ថិតក្នុងចំណោមស្ថានីយ៍បុរេប្រវត្តិសាស្រ្តធំៗ នៃតំបន់អាស៊ីអាគ្នេយ៍ដីគោក។
ប្រតិបត្តិការ បុរាណវិទ្យា ដឹកនាំដោយបេសកកម្មបុរេប្រវត្តិសាស្រ្តបារាំង-កម្ពុជា ស្ថិតក្នុងក្របខ័ណ្ឌនៃការដ្ឋានអន្តរជាតិ និងមានគោលដៅគូសវាស ឡើងវិញ នូវដំណាក់កាលនីមួយ នៃការរស់នៅរបស់មនុស្សសម័យបុរេប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា រាប់ចាប់ពីមនុស្សយុគថ្មបំបែកដល់យុគថ្មរំលីងនៃវាលទំនាបបាត់ដំបង។
ដោយមានការគាំទ្រពីគណៈកម្មការកំណាយបុរណវិទ្យានៅបរទេស នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង កំណាយខាងលើ បាននាំទៅរក របកគំហើញ ពុំធ្លាប់មានពាក់ព័ន្ធ នឹងបួនសម័យកាល៖
- យុគថ្មរំលីង៖ ផ្នូរបញ្ចុះសពចំនួន៦ ត្រូវបានរកឃើញ ដោយមានភាជន៍ ថ្មរំលីង អលង្ការ និងគ្រឿងលម្អផ្សេងៗ ដែលស្ថិតក្នុងស្ថានភាពរក្សាទុកបានយ៉ាងល្អ។ មានអាយុកាល១៥០០ឆ្នាំមុនគ្រិស្ត សករាជ ផ្នូរទាំងនេះបង្ហាញឱ្យឃើញថាល្អាងស្ពាន ត្រូវបានប្រើប្រាស់ជាច្រើនលើកច្រើនសារ ជាកន្លែងបញ្ចុះសព ដោយក្រុមកសិករ ដែលរស់នៅតំបន់វាលទំនាបបាត់ដំបង។
- យុគថ្មបំបែកចុងក្រោយ៖ សំដៅលើអ្នកបរបាញ់-អ្នកប្រមូលអនុផលព្រៃឈើចុងក្រោយនៃតំបន់អាស៊ីអាគ្នេយ៍ (១១ ០០០ ទៅ៥០០០ឆ្នាំមុនគ្រិស្តសករាជ)។ បរិមាណដ៏ច្រើននៃបំណែកឆ្អឹង និងឧបករណ៍ប្រើប្រាស់ ធ្វើឱ្យគេស្គាល់កាន់តែច្បាស់ អំពីរបៀបរស់នៅរបស់អ្នកបរបាញ់ សម័យបុរេប្រវត្តិសាស្រ្តនៅតំបន់ត្រូពិច។
- យុគសម័យបុរេហាវប៊ីញៀន៖ គេឃើញមានថ្មប្រើប្រាស់ បង្កើតផ្លាភ្លើង ដើម្បីបង្កាត់ភ្លើង ដែលមានអាយុកាលចន្លោះ១១ទៅ ២៦០០០ ឆ្នាំ។
- យុគមុនសម័យកាលបុរេហាវប៊ីញៀន ៖ គេឃើញមានបំណែកថ្មប្រើប្រាស់សម្រាប់ពុះច្រៀកដែលមានលក្ខណៈគ្របទៅដោយផេះ ទំនងបណ្តាលមកពីបន្ទុះភ្នំភ្លើងToba។
ស្ថានីយ៍ល្អាងស្ពានបង្ហាញនូវទិដ្ឋភាពវប្បធម៌នៃរយៈពេលដ៏វែងមួយដែល អាចឱ្យគេកំណត់សារជាថ្មីនូវដំណាក់កាលធំៗរបស់មនុស្សសម័យបុរេប្រវត្តិសាស្រ្តនៃកម្ពុជាចាប់តាំងពីពេលកកើត។
ស្ថានីយ៍ល្អាងស្ពានផ្ទុកនូវបណ្តុំព័ត៌មានបុរេប្រវត្តិសាស្រ្តដ៏មានសារសំខាន់ ដោយសារផ្តល់នូវព័ត៌មានដែលខ្វះខាតទាក់ទងនឹងប្រវត្តិដ៏យូរលង់នៃប្រទេសកម្ពុជា ពោលគឺប្រវត្តិសាស្រ្តប្រទេសកម្ពុជាមុនសម័យអង្គរ ៕