សម្ដេចតេជោ ហ៊ុន សែន អង្វរកប្រជាពលរដ្ឋ កុំបន្តកាប់ទន្រ្ទានដីព្រៃលិចទឹកបន្ថែមទៀត ហើយត្រូវតែដាំព្រៃលិចទឹកឡើងវិញ….
ព័ត៌មានជាតិ
162

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអង្វរកប្រជាពលរដ្ឋកុំបន្តកាប់ទន្រ្ទានដីព្រៃលិចទឹកបន្ថែមទៀត ហើយត្រូវរួមគ្នាត្រូវតែដាំព្រៃលិចទឹកឡើងវិញ ដើម្បីជាជម្រកត្រីពងកូន រួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ និងណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យពិនិត្យមើលដីកន្លែងណាដែលត្រូវដាំព្រៃលិចទឹកឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ AKP នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១ ខែកក្កដា​ឆ្នាំ២០២២នេះ ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋរាប់ពាន់នាក់ ក្នុងឱកាសប្រារព្ធ «ទិវាមច្ឆជាតិ» នៅអាងទឹកត្រពាំងថ្ម ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២ ម្ដេចតេជោ ហ៊ុន សែន មាន្រប្រសាសន៍ អរគុណ និងកោតសរសើរចំពោះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលបានខិតខំប្រឹងប្រែងក្នុងកែទម្រង់នានាលើវិស័យនេសាទ និងការអភិរក្សធនធានធម្មជាតិ ដូចជា ត្រី សម្រាប់បម្រើសេចក្ដីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ 

សម្ដេចតេជោថ្លែងថា ការព្រលែងកូនត្រីគឺជាការចាប់ផ្ដើមមួយ ដើម្បីឱ្យធនធានត្រីរបស់យើងមានការកើនឡើង សម្រាប់ដោះស្រាយជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការព្រលែងកូនត្រី យើងមិនមែនធ្វើតែមួយថ្ងៃ មួយសប្ដាហ៍នោះទេ គឺយើងព្រលែនៅថ្ងៃណាក៏បានដែរ ឬក៏រាល់ថ្ងៃក៏បានដែរ ឱ្យតែមានកូនត្រីដើម្បីព្រលែង ហើយមានទឹកដើម្បីព្រលែង។ អ្វីដែលយើងធ្វើពិធីនាពេលនេះ គ្រាន់តែជានិម្មិតរូបមួយ នៃយុទ្ធនាការនៃការព្រលែងកូនត្រីនៅក្នុងបឹងបួរ នៅក្នុងស្រះ ឬត្រពាំងដែលយើងមានលទ្ធភាពព្រលែង ដើម្បីទទួលបានត្រឡប់មកវិញនូវចំណីអាហារ សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ម្យ៉ាងទៀត ទិវាដាំកូនឈើក៏ដូចគ្នានេះដែរ មិនមែនដាំតែថ្ងៃ៩កក្កដា តែមួយថ្ងៃនោះទេ គឺដាំរាល់ថ្ងៃ គ្រប់ទីកន្លែង តាមដែលអាចធ្វើទៅបាន។ ព្រោះប្រទេសយើងបន្ទាប់ពីមានសន្តិភាព យើងកាន់តែមានលទ្ធភាពក្នុងកសាងអ្វីៗគ្រប់បែបយ៉ាង។ ពាក់ព័ន្ធនឹងទិវាមច្ឆជាតិនេះដែរ ដោយសម្ដេចតេជោលើកឡើងថា ប្រទេសរបស់យើងមានស្ថានភាពមិនដូចកាលពីពេលមុននោះទេ ដែលកាលពីសម័យមុនដែលខ្មែរយើងនិយាយថា «មានទឹកមានត្រី» ប៉ុន្តែកាលពីសម័មុននោះយើងត្រូវដឹងថា «ប្រជាជនតិច ទឹកជ្រៅ ត្រីច្រើន» នេះជារឿងពិត។ បន្តបន្ទាប់មក នៅមុនឆ្នាំ១៩៧០ យើងគិតថាប្រជាជនរបស់យើងមានត្រឹមតែ ៦ ទៅ៧លាននាក់ប៉ុណ្ណោះ ហើយពេលនោះ «ទឹកជ្រៅ ត្រីច្រើន ប្រជាជនតិច» តែឥឡូវនេះ «ទឹករាក់ ត្រីតិច ប្រជាជនច្រើន» នេះជាចំណុចខុសគ្នា។ សម្ដេចតេជោលើកឡើងទៀតថា បើគិតពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩យើងមានប្រជាជនត្រឹមតែក្នុងរង្វង់៥លាននាក់តែប៉ុណ្ណោះ តែឥឡូវនេះប្រជាជនរបស់យើងបានឡើងដល់ប្រមាណជា១៧លាននាក់រួចស្រេចទៅហើយ បានសេចក្ដីថា យើងកើន១២លាននាក់ក្នុងរយៈពេល ៤៣ឆ្នាំ។

បើតាមឯកឧត្ដម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការប្រារព្ធទិវាមច្ឆជាតិ នៅអាងត្រពាំងថ្មនាពេលនេះ មានការលែងកូនបង្កងទឹកសាបប្រមាណ២០ម៉ឺនក្បាល កូនត្រី និងត្រីមេពូជក្នុងស្រុកចម្រុះជាង១លានក្បាល មានប្រភេទត្រីឆ្ពិន ព្រលូង កាហែ ប្រា និងត្រីកន្ធរ។ល។ រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជា ត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបផងដែរ ដើម្បីធ្វើឱ្យអាងទឹកនេះសម្បូរទៅដោយពូជមច្ឆជាតិចម្រុះ និងលូតលាស់រីក សាយដល់តំបន់ផ្សេងៗទៀត អាចចរាចរចូលដល់ដែននេសាទដទៃទៀត ដែលអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបាន។

 ឯកឧត្ដម រដ្ឋមន្ត្រី បានបន្តទៀតថា អាងត្រពាំងថ្ម មានសហគមន៍តំបន់ការពារធនធានធម្មជាតិ ដែលមានសមាជិកសរុប ២៣០នាក់ និងសហគមន៍នេសាទ ដែលមានអ្នកនេសាទប្រមាណ ៥០០នាក់ ព្រមទាំងមានកន្លែងអភិរក្សជលផលទំហំ ៣១,២ហិកតា លើផ្ទៃអាងទឹកសរុប ១១៨៩ហិកតា ដែលសម្បូរទៅដោយត្រីច្រើនប្រភេទដូចជា ត្រីឆ្ពិន តាឱន ឆ្លាំង រ៉ស់ ក្រាញ់ ផ្ទក់ អណ្ដែង ឆ្លូញ ស្លាត ត្រីសណ្ដាយ អន្ទង់និងពស់ព្រលឹត។ល។ហើយប្រភេទត្រីធំៗមានដូចជា ត្រីឆ្តោ សណ្ដាយ ក្រាយជាដើម ។ ក្នុង១ថ្ងៃៗ មានអ្នកនេសាទពី ៣០០ ទៅ៤០០ នាក់ មកពីស្រុកភ្នំស្រុក ស្រុកស្វាយចេក និងស្រុកថ្មពួក ដោយម្នាក់ៗទទួលបានផលនេសាទជាមធ្យមពី ៣ ទៅ ៥គីឡូក្រាម ហើយផលនេសាទសរុបជាមធ្យមនេសាទបានប្រមាណ ១ ៤០០គីឡូក្រាមក្នុងមួយថ្ងៃ បានលក់ទៅឱ្យឈ្មួញចាំប្រមូលទិញ ដើម្បីយកទៅលក់បន្ត នៅផ្សារប៉ោយប៉ែត ក្នុងតម្លៃពី ៨ពាន់រៀលទៅ ២០ ០០០រៀលក្នុង ១គីឡូក្រាម តាមប្រភេទត្រី និងផលនេសាទមួយចំនួន លក់នៅនឹងកន្លែង។ ឯកឧត្ដម រដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋបាលជលផល បានខិតខំសហការយ៉ាងសកម្ម ក្នុងការគ្រប់គ្រងធនធានជលផល ដោយអនុវត្តតាមគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅនៃអនុវិស័យជលផល ដោយបានធ្វើឱ្យប្រជាជនទូទៅ ជាពិសេសអ្នកប្រកបរបរនេសាទជាលក្ខណៈគ្រួសារ អាចធ្វើអាជីវ កម្មបានទូលំទូលាយជាងមុន។ រហូត ដល់បច្ចុប្បន្ននេះ បានបង្កើតសហគមន៍ នេសាទចំនួន៥១៦ ក្នុងនោះសហគមន៍នេសាទទឹកសាបមានចំនួន៤៧៥ ដោយគិតទាំងសហគមន៍នេសាទអាងទឹកត្រពាំងថ្មផងដែរ និងសហគមន៍នេសាទសមុទ្រមានចំនួន ៤១សហគមន៍ ដើម្បីគ្រប់គ្រងធនធានជលផល ឱ្យមាននិរន្តរភាព តាមរយៈការអនុវត្តទិសស្លោក“ សហគមន៍នេសាទគ្មានបទល្មើស” ។ 

ឯកឧត្ដម រដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់ រូបភាពដល់ប្រជាកសិករនិងអ្នកវិនិយោគ ដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រី កាត់បន្ថយការនាំចូលរក្សាបានតុល្យភាព តម្លៃទីផ្សារធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគព្រមទាំងបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់វារីវប្បករដើម្បីបង្កើនប្រាក់ចំណូលផងដែរ។រីឯការរៀបចំកន្លែងអភិរក្សធនធានជលផល សម្រេចបានចំនួន ៦៨២ កន្លែង និងសហគមន៍ស្រះជម្រកត្រីចំនួន ៩១៥ កន្លែង។ ឯកឧត្ដម រដ្ឋមន្ត្រីបានរំឭកថា ថ្ងៃទី០១ ខែកក្កដា ជាទិវាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តែងតែប្រារព្ធ «ទិវាមច្ឆជាតិ» ជារៀងរាល់ឆ្នាំ ពុំដែលអាក់ខានឡើយ ក្នុងស្មារតីចូលរួមផ្សព្វផ្សាយគ្រប់គ្រង ការពារ អភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍ធនធានជលផល ឱ្យបានស្ថិតស្ថេរ និងនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ ។ ចាប់តាំងពីឆ្នាំ២០០៣មក «ទិវាមច្ឆជាតិ» ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការលែងមេពូជត្រី កូនត្រី និងវារីសត្វពូជ ក្នុងស្រុកប្រមាណ ៥លានកូនក្នុង១ឆ្នាំ ទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិឱ្យកើនឡើងសម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយសារហានិភ័យនៃជំងឺឆ្លងកូវីដ១៩ រាជរដ្ឋាភិបាល បានសម្រេចផ្អាកការរៀបចំ «ទិវាមច្ឆជាតិ» ចាប់ពីឆ្នាំ២០២០ មកទល់ពេលនេះ។ ទោះជាមានបញ្ហាដូចនេះក្តី ការលែងកូនត្រីទៅក្នុងដែនសហគមន៍ មានលក្ខណៈទ្រង់ទ្រាយតូច គឺអាចប្រព្រឹត្តទៅធម្មតា៕


Telegram