ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានលើកឡើងថា រាល់ការគ្រប់គ្រង ប្រើប្រាស់ អាវុធកែច្នៃមានដូចជា អាវុធប្រើខ្យល់ ប្រើហ្គាស អាវុធធ្វើពីឈើ និងដែកផ្សេងៗ ដែលអាចសម្លាប់មនុស្សបាន គឺចាត់ទុកជាអាវុធខុសច្បាប់ទាំងអស់គ្មានការលើកលែងនោះឡើយ គឺត្រូវផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន។ ឯកឧត្តម គួច ចំរើន បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
កិច្ចប្រជុំនេះផ្តោតទៅលើវិធានការ៤ចំណុច រួមមាន៖
១-ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
២-ការទប់ស្កាត់ និងចាត់វិធានការនូវការប្រើប្រាស់រថយន្តចង្កូតស្តាំ
៣-ការទប់ស្កាត់ និងចាត់វិធានប្រឆាំងការជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិច
៤-ការទប់ស្កាត់ វិធានការលើការចោរលួចខ្សែរភ្លើង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានថ្លែងការកោតសរសើរដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកច្បាប់ទាំងអស់ ដែលបានសហការគ្នា សស្រាក់សស្រាំ ហ្មត់ចត់ និងការចុះបង្ក្រាបនានាបានយ៉ាងល្អប្រសើរ ជាពិសេសការបង្ក្រាបការគ្រប់គ្រង ប្រើប្រាស់ ដឹកជញ្ជូន និងស្តុកទុកអាវុធខុសច្បាប់។
ជាថ្មីម្ដងទៀត ឯកឧត្តមស្នើសុំឱ្យកងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកច្បាប់ទាំងអស់បន្តខិតខំប្រឹងប្រែងទប់ស្កាត់បន្តទៀត និងដាក់វិធានការស្រាវជ្រាវបន្ថែមលើការងារនេះឱ្យកាន់តែតឹងរឹង ធ្វើយ៉ាងណា ការពារ ថែរក្សាសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឱ្យអស់ពីលទ្ធភាពតាមតែអាចធ្វើទៅបាន។
សូមរំលឹកថា កាលពីប៉ុន្មានសប្តាហ៍មុន អាជ្ញាធរខេត្តព្រះសីហនុ បានស្រាវជ្រាវ និងឃាត់ខ្លួនក្រុមខ្មាន់កាំភ្លើង ជនជាតិវៀតណាមចំនួន៣រូប ដែលបាញ់តដៃជាមួយសមត្ថកិច្ច កាលពីអំឡុងចុះទៅបង្រ្កាបបទល្មើសផ្ទុះអាវុធ បណ្តាលឲ្យសមត្ថកិច្ចម្នាក់រងរបួសធ្ងន់។
ជាមួយគ្នានេះអាជ្ញាធរក៏បានឃាត់ខ្លួនក្រុមអ្នកជួញដូរអាវុធខុសច្បាប់ចំនួន៦នាក់ ដែលជាជនជាតិខ្មែរបន្ថែមទៀត ដែលជាមូលហេតុចម្បង នៃការបង្កបញ្ហាផ្ទុះអាវុធនេះកើតឡើង។ ទាំងក្រុមខ្មាន់កាំភ្លើង និងអ្នកជួញដូរអាវុធសរុបចំនួន៩នាក់ ត្រូវបានអាជ្ញាធរខេត្តបញ្ជូនទៅតុលាការដោះស្រាយតាមនីតិវិធីច្បាប់៕ សំណាង