ឯកឧត្តម ប៉ុល រតនា ដឹកនាំដំណើរកម្សាន្តរបស់គ្រូបង្រៀនតាមបណ្តារសាលាមតេយ្យ បឋមសិក្សា និងអនុវិទ្យាល័យ នៃឃុំចុងអំពិល ស្រុកកញ្ជ្រៀច ទៅកម្សាន្តនិងទស្សនកិច្ចនៅខេត្តព្រះសីហនុ ២យប់៣ថ្ងៃ ក្រោមការឧបត្ថម្ភដ៏ពីឯកឧត្តមសណ្តិបណ្ឌិត នេត សាវឿន
ព័ត៌មានជាតិ
276

ខេត្តព្រៃវែង ៖ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានអញ្ជើញដឹកនាំដំណើរកម្សាន្ត របស់គ្រូបង្រៀននៅតាមបណ្តារសាលាមតេយ្យសហគមន៍ គ្រូសាលាបឋមសិក្សា និងគ្រូបង្រៀននៅអនុវិទ្យាល័យ នៃឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ទៅកម្សាន្តនៅខេត្តព្រះសីហនុ និងទស្សនកិច្ចនៅកំពង់ផែខេត្តព្រះសីហនុ បង្ហាញពីសមទ្ធិផល នៃការរីកចម្រើនលូតលាត់ គ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ដំណើរកម្សាន្តនេះ គឺមានរយៈពេល ២យប់ ៣ថ្ងៃ ពោលគឺចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ដែលមានការដឹកនាំទៅកម្សាន្តដោយ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ក្រោមការឧបត្ថម ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សណ្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ និងលោកជំទាវ ហ៊ុន គឹមឡេង ។

ទន្ទឹមនឹងការដើរកម្សាន្តនេះដែរ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំចុងអំពិល ស្រុកកញ្ជ្រៀច ក៏បានដឹកនាំគ្រូបង្រៀន ចូលទៅទស្សនកិច្ចនៅកំពង់ផែខេត្តព្រះសីហនុផងដែរ ដើម្បីបង្ហាញពីការរីកចម្រើនគ្រប់វិស័យនៅខេត្តព្រះសីហនុ ពិសេសនោះ គឺបង្ហាញអំពីវឌ្ឍភាព និងចរន្តនៃការរីកចម្រើន អភិវឌ្ឍ តាំងពីកំពង់ផែនេះ មានទ្រង់ទ្រាយតូច រហូតប្រែក្លាយ រីកចម្រើនមកយ៉ាងធំ និងកំពុងតែបម្រើដល់វិស័យនៃការដឹកជញ្ជូនទំនិញ ចេញចូលគ្រប់បណ្តាប្រទេស ចូលមកកាន់ប្រទេសកម្ពុជា មិនតែប៉ុណ្ណោះខេត្តព្រះសីហនុនេះ ក៏រីកចម្រើនគ្រប់ទីកន្លែង ជឿនលឿន ក្រោមការដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ។

ទន្ទឹមនឹងនោះ ក្រោយចេញពីការទស្សនកិច្ច នៅកំពង់ផែនេះ ឯកឧត្តម ប៉ុល រតនា ក៏បាននាំគ្រូបង្រៀន ទៅលេងកម្សាន្ត កន្លែងកម្សាន្តផ្សេងៗទៀតជាច្រើន ក្នុងខេត្តព្រះសីហនុនេះ ថែមទាំងមានការមុជទឹកសមុទ្រ ថតរូបជុំគ្នា ចូលផ្សារទំនើបញ៊ាំភីហ្សា និងអាហារសាមគ្គីនៅឆ្នេរអូឈើទាល ផងដែរ ។

មិនតែប៉ុណ្ណោះ ក្រៅពីដើរកម្សាន្ត សប្បាយហើយនោះ ឯកឧត្តម ប៉ុល រតនា ក៏មានការជូនជា នាឡិកា ដែលមានរូបគណបក្សប្រជាជនកម្ពុជា ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លា ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ជូនដល់គ្រូបង្រៀនទាំងអស់ រួមជាមួយនឹងគ្រឿងសម្អាងម្នាក់ ១ប្រអប់ ទុកជាអនុស្សាវរីយ៍ផងដែរ ៕


Telegram