ភ្លៀងខ្យល់ខ្លាំង ទូកនេសាទមួយគ្រឿង បើកទៅជាប់គឿងនឹងថ្មច្រាំងនៅកោះថាស ជាប់មនុស្ស ត្រូវបានក្រុមការងារ លោកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះទាន់ពេល
ព័ត៌មានជាតិ
226

ខេត្តព្រះសីហនុ ៖ មនុស្ស២នាក់ដែលជាប់លើទូកនេសាទមួយគ្រឿង ដោយសារបើកទៅជាប់គឿងនឹងថ្មច្រាំង នៅកោះថាស ចាប់តាំងពីយប់រំលងអាធ្រាត្រ រហូតមកដល់ព្រឹកទៀបភ្លឺថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប៊រ័ល្បឿនលឿនGTVC របស់ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ក្រោយចេញអន្តរាគមន៍សង្គ្រោះភ្លាមៗ។ នេះបើយោងតាមផេកផ្លូវការរបស់ ទូរទស្សន៍ជាតិ ខេត្តព្រះសីហនុ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះទាំង២នាក់ មានឈ្មោះ យូ ភេទប្រុស អាយុ៤៦ឆ្នាំ ជា ម្ចាស់ទូកនេសាទ និង ឈ្មោះ គាត សេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកូនដៃទូក អ្នកទាំងពីរស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព នឹងបាននាំមកដល់កន្លែងសុវត្ថិភាពហើយនៅព្រឹកថ្ងៃដដែល ។

សូមបញ្ជាក់ថា ទូក១គ្រឿងនេះពេលកំពុងធ្វើដំណើរនៅលើសមុទ្រ កំពុងតែមានភ្លៀងខ្យល់ខ្លាំង ហើយអ្នកបើកបរក៏ងក់មួយភាំងធ្វើអោយទូកបើកសំដៅមកកោះថាសបុកថ្មជាប់គឿងតែម្តង និងថាមនុស្សដែលជាប់លើទូកទាំង២នាក់នេះ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕


Telegram