ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍មកថា មានយុវជនវយ័១៨ឆ្នាំម្នាក់ និងក្មេងស្រីវយ័៧ឆ្នាំម្នាក់ទៀត បានលង់ទឹកស្លាប់ ពេលចុះលេងទឹកនៅអាងទឹកក្បាលឆាយ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីម៉ោងជិត២រសៀល ថ្ងៃ៧ ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះរួមមាន៖
ទី១-ឈ្មោះបួល សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិភូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) ឪពុកឈ្មោះបួស ផល អាយុ៦១ឆ្នាំ មុខរបរកម្មករ ម្ដាយឈ្មោះ សំ អឿន អាយុ៥៨ឆ្នាំ មុខរបរមេផ្ទះ។
ទី២-ឈ្មោះ វុធ ម៉ាសាឡែន ភេទស្រី អាយុ៧ឆ្នាំ (ស្លាប់) ។ ឪពុកឈ្មោះសំណាង វណ្នី អាយុ៣៧ឆ្នាំ ម្ដាយឈ្មោះសំ ភឿន អាយុ៣៧ឆ្នាំ ស្នាក់នៅដូចគ្នា។
ក្នុងនោះ បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថាមូលហេតុ ដែលឈានដល់ការលង់ទឹកស្លាប់នេះ គឺដំបូងឡើយជនរងគ្រោះបានជិះលើដើមឈើដែលដួលនៅក្នុងទឹក ហើយពេលកំពុងលេង ក៏រអិលធ្លាក់ចូលក្នុងទឹកជ្រៅបណ្តាលអោយបាត់ខ្លួនក្នុងទឹក តែម្តងផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ សហការគ្នាចុះរាវរកអស់រយៈពេលច្រើនម៉ោង រហូតមកទល់នឹងម៉ោងជិត៥ល្ងាចថ្ងៃដដែល ទើបរកឃើញសាកសពជនរងគ្រោះទាំង២នាក់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះ និងបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕





