រាជធានីភ្នំពេញ ៖ យោងតាមពាក្យបណ្តឹង របស់លោកជំទាវ ហ៊ុន ស៊ីណាត ដាក់ជូននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានប្តឹងលោក ផែង វណ្ណៈ ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្នុងភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទ ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរ... តាមបញ្ញាត្តិ នៃមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តបទល្មើស ឡាយអត្ថាធិប្បាយ ក្នុងផេកហ្វេសប៊ុក ដែលមានឈ្មោះជាភាសារអង់គ្លេសថា Pheng Vannak News កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្នុងពាក្យបណ្តឹងរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដែលTVFB ទទួលបាន បានឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ ផែង វណ្ណៈ បានប្រើប្រាស់ មធ្យោបាយប្រព័ន្ធសោតទស្សន៍ ធ្វើការឡាយផ្ទាល់ ផ្សព្វផ្សាយជាសាធារណៈ ដល់សាធារណៈជនទូទៅ តាមរយៈផេកហ្វេសប៊ុករបស់ខ្លួនមានឈ្មោះថា Pheng Vannak News ដើម្បីភ្ជាប់ គ្រួសារវង្សត្រកូល ហ៊ុន របស់លោកជំទាវ ទៅនឹងរឿងអាស្រូវរបស់ប្តីប្រពន្ធឈ្មោះ ជឿន ចក់ (ភេទប្រុស) និងឈ្មោះ ទ្រិញ ផល្លា (ភេទស្រី) ក្នុងចេតនាញុះញង់អោយ ទស្សនិជន ឬ ប្រជាពលរដ្ឋទូទៅក្នុងសង្គម មានការយល់ច្រលំ និងស្អប់ខ្ពើមគ្រួសារត្រកូល ហ៊ុន របស់លោកជំទាវ ដែលមានបងប្រុសបង្កើតរបស់លោកជំទាវ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាពិសេសនោះ គ្រាន់តែរឿងបញ្ហារូប ថតសោះ គឺលោក ផែង វណ្ណះ ហ៊ានបកស្រាយអត្ថាធិប្បាយ ទៅជាការចាត់ទុកច្បាប់ស្រុកខ្មែរ គឺជា សំរាម ទៅវិញ…..។
យើងអាចដាក់ជាសំណួរសួរថាៈ តើការផ្សាយប្រើសំដីរបស់លោក ផែង វណ្ណៈ នេះ ធ្វើ អោយចំរើន, ឬក៏ខាត អាប់អោន ប៉ះពាល់ដល់កិត្តិយសត្រកូលគ្រួសារលោកជំទាវ ?
ជាការពិតណាស់ គឺលោក ផែង វណ្ណៈ មានបំណងចង់អោយប្រជាពលរដ្ឋក្នុងសង្គម កម្ពុជា រើសអើង ស្អប់ខ្ពើមដល់ត្រកូលគ្រួសាររបស់លោកជំទាវ ធ្វើអោយសង្គមមានភាពវឹកវរ ចលាចល ព្រោះ លោក ផែង វណ្ណៈ បានដឹង និងស្គាល់ច្បាស់ហើយថាៈ សម្ដេច ហ៊ុន សែន និង នាងខ្ញុំ ហ៊ុន ស៊ីណាត ជាបងប្អូនបង្កើតនឹងគ្នា ស្ថិតនៅក្នុងត្រកូល ហ៊ុន តែមួយ ប៉ុន្តែ លោក ផែង វណ្ណៈ មានចេតនា ដោយលើកយកជំនួបរវាងនាងខ្ញុំ នឹងឈ្មោះ ជឿន ចក់ និងរូបថតដែលស្ត្រីឈ្មោះ ទ្រិញ ផល្លា បានថតជាមួយសម្ដេច ហ៊ុន សែន (ដែលជាថ្នាក់ដឹកនាំ កំពូលរបស់ប្រទេសកម្ពុជា និងជាឥស្សរជនកំពូលរបស់គណបក្សប្រជាជនកម្ពុជា) គឺដើម្បី ញុះញង់អោយប្រជាពលរដ្ឋមានការយល់ច្រលំថាៈ ត្រកូលគ្រួសារខាងខ្ញុំ តែងផ្តល់ឥទ្ធិពល ឬ យកអំណាចកាងការពារដល់អ្នកកំពុងមានវិវាទ និងធ្វើជាខ្នងដាក់សំពាធទៅលើ សមត្ថកិច្ចអ្នកអនុវត្តច្បាប់ ឬប្រព័ន្ធយុត្តិធម៌តុលាការ ។
ដោយសារតែការផ្សព្វផ្សាយរបស់ឈ្មោះ ផែង វណ្ណៈ (ដែលមានមហាជនចូលមើល ច្រើន) គឺអោយមហាជនចូលទៅបញ្ចេញទស្សនៈ មតិយោបល់ (Comment) ដោយយល់ច្រលំ និងចោទថាៈ ត្រកូលគ្រួសារ សម្ដេចហ៊ុន សែន (ឬប្អូនស្រីបង្កើតរបស់សម្តេច ឈ្មោះ ហ៊ុន ស៊ីណាត) ដែលកំពុងគ្រប់គ្រងដឹកនាំប្រទេសសព្វថ្ងៃ មានការប្រើឥទ្ធិពល អំណាចដាក់សំពាធទៅលើប្រព័ន្ធច្បាប់របស់ប្រទេសកម្ពុជា ពោលគឺអ្នកដែលមានវិវាទ ឬទំនាស់ តែងតែលើកត្រកូលគ្រួសារ ហ៊ុន។ល។ រហូតមានសារព័ត៌មានខ្លះយកទៅបន្ត បកស្រាយ សុះសាយពេញផ្ទៃប្រទេស ។
ជាមួយគ្នានេះដែរ លោក ផែង វណ្ណៈ ក៏បានដឹងច្បាស់ហើយថាៈ ឈ្មោះ ទ្រិញ ផល្លា ជា ស្ត្រីដែលមហាជន និងអ្នកលេងសង្គមហ្វេសប៊ុកស្ទើរតែ១០០% មិនចូលចិត្តគាត់ ស្អប់គាត់ រហូតបញ្ចេញមតិយោបល់ ដោយជេរតិះដៀលប្រមាថដោយកំហឹង.....ប៉ុន្តែលោក ផែង វណ្ណៈ បែជាខិតខំធ្វើអត្ថធិប្បាយដដែលៗ ក្នុងចេទនារំលេច យក សម្តេច ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ភ្ជាប់ទៅនឹងស្រ្តីឈ្មោះ ទ្រិញ ផល្លា ដើម្បី ធ្វើអោយមហាជនទូទៅ មានការជឿជាក់ ទំលាក់កំហុស ភាន់ច្រលំថាៈ សម្ដេច មានភាព ស្និទស្នាល និងយកខ្លួនទៅការពារស្ត្រីលក់អនឡាញ ដែលស្លៀកពាក់សិចស៊ី មិនចេះអៀនខ្មាស់នោះ ក្នុងចេតនាធ្វើអោយប្រជាពលរដ្ឋទូទៅ ស្អប់មិនចូលចិត្តត្រកូលគ្រួសារ សម្ដេច ធ្វើ អោយសង្គមបាត់សណ្តាប់ធ្នាប់ វឹកវរធ្ងន់ធ្ងរ ដោយសារតែទង្វើរបស់លោក ផែង វណ្ណៈ ពោលគឺ មិនខុសៈ កាលពីឆ្នាំ២០១៩ ដែលលោក ផែង វណ្ណៈ បានលើកយក សម្តេច ហ៊ុន សែន ភ្ជាប់ទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍របស់ក្មេងស្រីម្នាក់ និងករណីស្លាប់របស់លោក កែម ឡី ។ល។ គឺពេលនោះហើយ ដែលលោក ផែង វណ្ណៈ ត្រូវទទួលរងនូវការចោទប្រកាន់ និងត្រូវឃុំខ្លួននោះ...។
ពាក្យបណ្តឹងលោកជំទាវ ហ៊ុន ស៊ីណាត បន្តទៀតថា ឯកឧត្តមជាទីគោរព! នាងខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើ តែងតែល្មើសច្បាប់របស់លោក ផែង វណ្ណៈ ដែលមិនមានការវិភាគពិចារណា ឬគោរព កោតក្រែងអ្វីទាល់តែសោះ ,ដូចនាងខ្ញុំបានដាក់ជាឱវាទ និងបន្ទោសលោក ផែង វណ្ណៈ ថាៈ គួរតែ លោក ផែង វណ្ណៈ វិភាគស្គាល់ថាៈ អ្វីទៅជាមួក និងអ្វីទៅជាម្កុដ ផង? កុំចេះតែវាយប្រហារ ដោយមិនរើសមុខ និងកុំអោយមានការគុំកួន មានចេតនាបង្អួចកេរ្តិ៍ឈ្មោះវង់ត្រកូលគ្រួសាររបស់ នាងខ្ញុំ...។ នាងខ្ញុំចង់បញ្ជាក់ថាៈ លោក ផែង វណ្ណៈ ដឹងថា អំពើ ឬករណីទាំងអម្បាលម៉ាន គឺជាអំពើដែលប្រជារាស្ត្រទូទៅមិនចូលចិត្ត តែលោក ផែង វណ្ណៈ មានបំណងអូសភ្ជាប់ គ្រួសារត្រកូល ហ៊ុន របស់នាងខ្ញុំ អោយប្រឡូកប្រឡាក់នឹងអំពើទាំងនោះ ក្នុងបំណងធ្វើអោយ ប្រជារាស្ត្រទូទៅស្តាប់រាលដាលដល់គ្រួសារនាងខ្ញុំ។ នាងខ្ញុំពិតជាឈឺចាប់ និងសៅហ្មងយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ នឹងស្តាប់ឮនូវការអត្ថាធិប្បាយ ទំលាក់កំហុសទាំងអសុទ្ធចិត្តរបស់លោក ផែង វណ្ណៈ មកលើនាងខ្ញុំ និងបងប្រុស បង្កើតរបស់នាងខ្ញុំ ព្រោះថាៈ សំដីស្រែកឡូងៗ ខ្លាំងៗ យ៉ាងគឃ្លើនរបស់លោក ផែង វណ្ណៈ គឺបើប៉ះចំអ្នកណា អ្នកនោះក៏មួរហ្មង មិនសប្បាយចិត្ត មិនចង់ឮដែរ សូម្បីតែការប្រើសំដី កាយវិការ ទឹកមុខរបស់គាត់ ហាក់បីដូចជាគ្មានអ្នកណាចេះ ខ្លាំង ឬធំលើសគាត់ទេ,គាត់តែង បានតាំងខ្លួនដូចជាអធិរាជ្យដ៏មានឥទ្ធិពលដូច្នេះឯង ។
សំណូមពរ៖
១- សុំឲ្យធ្វើការចោទប្រកាន់ ,ឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួនឈ្មោះ ផែង វណ្ណៈ ដើម្បីផ្តន្ទាទោស អោ យធ្ងន់ៗតាមច្បាប់ ។
២- បង្គាប់ឲ្យឈ្មោះ ផែង វណ្ណៈ សងសោហ៊ុយជម្ងឺចិត្តចំនួន ២០០លានរៀល ។
៣- សូមអោយដាក់ទោសបន្ថែម តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ៕