រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចមានព្រះរាជបន្ទូលថា ព្រះរាជាណាចក្រកម្ពុជា នឹងមិនបំភ្លេចនូវការគាំទ្រ និងជំនួយសន្ធឹកសន្ទាប់ ពីសំណាក់ ឯកឧត្តម អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅ។
យោងតាមព្រះរាជសាររម្លែកមរណទុក្ខ ប្រទានជូនព្រះចៅអធិរាជជប៉ុន Naruhito ចំពោះមរណភាពរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ កាលពីពេលថ្មីៗនេះ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលបន្ថែមថា ៖ “ប្រជានុរាស្រ្តកម្ពុជា នឹងមិនភ្លេចការគាំទ្រ និងជំនួយដ៏មានតម្លៃដែល ឯកឧត្តម អាបេ ស៊ីនហ្សូ ដែលកាលនោះក្នុងនាមជានាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បានផ្តល់ដល់កម្ពុជា”។
ព្រះករុណា ព្រះមហាក្សត្រ ទ្រង់ក៏បានរំលឹកឡើងវិញនូវការចងចាំដ៏រស់រវើកនៃជំនួបរបស់ព្រះអង្គជាមួយនឹងឯកឧត្តម អាបេ ស៊ីនហ្សូ នៅក្នុងដំណើរបំពេញព្រះរាជទស្សនកិច្ចនៅទីក្រុងតូក្យូ ក្នុងខែតុលា ឆ្នាំ២០១៩ ដើម្បីចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន។
សូមរម្លឹកថា ព្រះរាជាណាចក្រកម្ពុជា បានចូលរួមពិធីកាន់ទុក្ខ ឯកឧត្តម អាបេ ស៊ីនហ្សូ នៅទូទាំងប្រទេស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ ដោយស្ថាប័នរដ្ឋ និងឯកជនទាំងអស់ក្នុងប្រទេស បានបង្ហូតទង់ជាតិនៅត្រឹមពាក់កណ្តាល ដើម្បីបង្ហាញពីការកាន់ទុក្ខរបស់កម្ពុជាជាមួយគ្រួសាររាជវង្ស រដ្ឋាភិបាល ប្រជាជនជប៉ុន និងគ្រួសារសព ចំពោះការបាត់បង់ឯកឧត្តម អាបេ ស៊ីនហ្សូ៕ប្រភពក្រសួងព័ត៍មាន