បើភ្លៀងនៅតែបន្តធ្លាក់ កម្ពស់ទឹកអាចនឹងហក់ឡើងដល់កម្រិតប្រកាស អាសន្ន លិចលើផ្លូវជាតិលេខ៤តែម្តង និងអាចបិទចរាចរណ៍បណ្តោះអាសន្ន
ព័ត៌មានជាតិ
254

ខេត្តព្រះសីហនុ ៖ គិតត្រឹម ម៉ោង ១៤:៣០នាទី ថ្ងៃ ទី ១២ ខែ កក្កដា ឆ្នាំ ២០២២ ស្ថានភាព កម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចន្លោះ គីឡូម៉ែត្រ 115-116 ក្នុង ភូមិ សាស្ត្រ ភូមិ ស្ទឹង សំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ទឹក ហក់ឡេីងដល់កម្ពស់៥,៦០ម៉ែត្រ ពីបាតស្ទឹង ។ នេះបើយោងតាមផេក រដ្ឋបាលខេត្តព្រះសីហនុ ។

តាមការសន្និដ្ឋានបើភ្លៀងនៅតែបន្តធ្លាក់នារសៀលថ្ងៃនេះ កម្ពស់ទឹកអាចនឹងហក់ឡើងដល់កម្រិតប្រកាស អាសន្ន កម្ពស់៦.២ម៉ែត្រ នឹងលិចលើផ្លូវជាតិលេខ៤តែម្ដង។

ករណីទឹកនៅបន្ដជន់ឡើងហើយលិចលើផ្លូវជាតិនោះ អាជ្ញាធរនឹងត្រូវបង្ខំចិត្តបិទចរាចរណ៍ត្រង់ចំណុចនេះជាបណ្ដោះអាសន្នតែម្ដង។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ខាងលើ ទាំងអ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នបន្ថែមទៀត ជាមួយនឹងស្ថានភាពលិចលង់នៅពេលនេះ។

សូមបញ្ជាក់ថាគិតត្រឹមម៉ោងនេះចរាចរ ណ៍ តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង រថយន្ត តូច ធំ អាចធ្វើ ដំណើរ ចរាចរណ៍ទៅមកធម្មតា។

សូមជម្រាបជូនបន្ថែមថា គណៈបញ្ជាការឯកភាពស្រុកកំពង់សីលា បានដឹកនាំកម្លាំងចុះពិនិត្យ នឹងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារស្ថានភាពគ្រោះទឹកជំនន់បង្កឱ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងអាត់ ( ចំណុចក្រាំងអាត់ចាស់ ) ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានប្រជាពលរដ្ឋរស់នៅសរុបចំនួន៤២គ្រួសារ ៕ 


Telegram