ខេត្តព្រះសីហនុ ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជំនួបពិភាក្សារវាងរដ្ឋបាលក្រុងព្រះសីហនុ និងបងប្អូនប្រជាពលរដ្ឋលក់ដូរតាមដងផ្លូវ ស្តីពីដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់អ្នកលក់ដូរតាមដងផ្លូវ ក្រោយជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។
ជំនួបពិភាក្សានេះ មានគោលបំណងពិគ្រោះយោបល់ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការចូលរួមរបស់អ្នកលក់ដូរតាមដងផ្លូវក្នុងការទទួលបាន ប័ណ្ណសមធម៌សុខាភិបាល ទទួលបានប្រាក់កម្ចី ដើមទុនសម្រាប់អាជីវកម្ម កន្លែងលក់ដូរសមរម្យ និងជំនាញផ្សេងៗបន្ថែម ដែលទាក់ទងជាមួយមុខរបររបស់ពួកគាត់ ដើម្បីលើកកម្ពស់គោលនយោបាយ និងចូលរួមដោះស្រាយបញ្ហារបស់ពួកគាត់ ដែលជួបបញ្ហាអំឡុងពេលកូវីដ-១៩ កន្លងមកនៅខេត្តព្រះសីហនុ និងធ្វើការពិភាក្សាអំពីបញ្ហាដែលស្ត្រីលក់ដូរតាមដងផ្លូវបានលើកឡើង។
លោក អ៊ី សុខឡេង បានបញ្ជាក់ថា ចំពោះការលក់ដូរតាមបណ្តោយឆ្នេរ ក៏ដូចជានៅទីលានតេជោ គឺអាជ្ញាធរអនុញ្ញាតឱ្យបងប្អូនលក់តាម អំរែក ដាក់ថាស បានធម្មតា ដោយឡែកការលក់ដូរចល័តដោយដាក់កៅអី ដាក់តុ និងដាក់ចង្ក្រានសម្រាប់ធ្វើម្ហូប គឺអាជ្ញាធរមិនអនុញ្ញាតជាដាច់ខាត ព្រោះធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ សោភ័ណភាព និងបរិស្ថានអនាម័យថែមទៀតផង។
លោកអភិបាលក្រុង ក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋលក់ដូរចល័ត ដែលបានចូលរួមអនុវត្តក្នុងការមិនដាក់តុ មិនដាក់កៅអី មិនដាក់ចង្រ្កានដាំស្ល នៅបណ្តោយឆ្នេរ និងទីលានតេជោ បន្តទៀត។
លោកអភិបាលសង្ឃឹមថាបងប្អូននិងនៅបន្តចូលរួមថែរក្សាលំហឆ្នេរសាធារណៈអោយល្អស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្ត ដើម្បីប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕ សំណាង