សហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណ ដែលត្រូវបានលួចចេញចំនួន ២៧ដុំ ត្រឡប់មកឱ្យកម្ពុជាវិញ
ព័ត៌មានជាតិ
197

រាជធានីភ្នំពេញ ៖ សហរដ្ឋអាមេរិកតាមរយៈឯកឧត្ដម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានប្រគល់ និងបញ្ជូនវត្ថុបុរាណដែលត្រូវបានលួចចេញចំនួន ២៧ដុំ ត្រឡប់មកឱ្យកម្ពុជាវិញ។

ការប្រគល់នេះ បានធ្វើឡើង នៅសារមន្ទីរជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយ ដោយក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ។

ឯកឧត្ដម Daniel J. Kritenbrink បានថ្លែងសង្កត់ធ្ងន់ពីអនុស្សរណៈយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយសម្របសម្រួលការបញ្ជូនត្រឡប់មកវិញ នូវវត្ថុបុរាណមិនអាចកាត់ថ្លៃបានចំនួនជាង ១០០ដុំ កសាងសមត្ថភាពរបស់ប្រជាជនកម្ពុជាដែលធ្វើការងារអភិរក្សបេតិកភណ្ឌវប្បធម៌។

ឯកឧត្ដមឧបការី Kritenbrink បានសរសើរដល់ការខិតខំរួមគ្នារបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្នែកអនុវត្តន៍ច្បាប់ មេធាវីប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងស្ថានទូតអាម៉េរិក ដែលបាននាំដល់ការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណចំនួន ២៧ ដុំនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

ឯកឧត្ដម ឧបការី Kritenbrink បានថ្លែងបញ្ជាក់ថា “ពិធីនៅថ្ងៃនេះគឺជាការបង្ហាញឱ្យឃើញពីទំនាក់ទំនងរឹងមាំ រវាងសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ គម្រោងគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ដូចជា មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ស្តែងឱ្យឃើញនូវការគាំទ្រយូរអង្វែងរបស់យើង ចំពោះការជួសជុលទីតាំងប្រវត្តិសាស្រ្ត ដែលមានសារៈសំខាន់ផ្នែកវប្បធម៌សម្រាប់ប្រទេសកម្ពុជា”។

ឯកឧត្ដម W. Patrick Murphy បានលើកឡើងពីអំណោយថវិកាថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដែលមានទឹកប្រាក់ចំនួន ៣៦០ ៨០០ ដុល្លារ សម្រាប់ជួសជុលប្រាសាទព្រះវិហារ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបន្ដថា នេះជាអំណោយបន្ថែមលើថវិកាចំនួន ៤០៦ ០០០ ដុល្លារ ដែលត្រូវបានផ្តល់រួចហើយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់អភិរក្សប្រាសាទប្រវត្តិសាស្រ្តនេះ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។

ឯកឧត្ដម ឯកអគ្គរដ្ឋទូត Murphy បានបន្ថែមថា “សហរដ្ឋអាមេរិកមានមោទនភាពចំពោះការរួមចំណែករបស់ខ្លួន ចំពោះការខិតខំក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា និងចំពោះការខិតខំរួមគ្នារបស់យើង ក្នុងការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ នូវវត្ថុបុរាណដែលមិនអាចកាត់ថ្លៃបាន ពីសហរដ្ឋអាមេរិក”។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណដោយស្មោះ ចំពោះការរួមចំណែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាំងពេលវេលា ទាំងធនធាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរដោយខុសច្បាប់ នូវសម្បត្តិវប្បធម៌។ យើងរីករាយនឹងបន្តកិច្ចសហប្រតិបត្តិការ នៅក្នុងការស៊ើបអង្កេត និងការខិតខំរបស់យើង ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរព័ត៌មានគ្នា និងជំនាញ ក្នុងពេលដែលយើងរកឃើញវិញ នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិយើង”។

សូមជម្រាបជូនថា សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥ លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីឆ្នាំ ២០០១ មក សម្រាប់ការងារអភិរក្សវប្បធម៌ ដែលក្នុងនោះ ចំនួនជាង ៣,៥ លានដុល្លារ សម្រាប់អភិរក្ស និងជួសជុលប្រាសាទភ្នំបាក់ខែង នៅខេត្តសៀមរាប និងសម្រាប់ជួយដល់សារមន្ទីរទួលស្លែង៕


Telegram