សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួនខណៈពពួកអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ចាប់ផ្ដើមរីករាលដាលគួរឱ្យព្រួយបារម្ភ
ព័ត៌មានជាតិ
267

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការ ប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ខណៈពពួកអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ចាប់ផ្ដើមរីករាលដាលគួរឱ្យព្រួយបារម្ភនោះ។

ក្នុងសារជាសំឡេងជូនជនរួមជាតិ នាព្រលប់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ប៉ុន្មានថ្ងៃកន្លងមកនេះកូវីដ១៩ប្រភេទអូមីក្រុង ប្រភេទថ្មីបានចាប់ ផ្ដើមរីករាលដាលនៅក្នុងប្រទេសរបស់យើង ទោះបីជាមានចំនួនមិនច្រើនដែលពិនិត្យដោយ PCR ក៏ដោយក៏ប៉ុន្តែការពិនិត្យ ដោយធ្វើតេស្តរហ័សក៏មានចំនួនកើនឡើង។ ចំនួននេះគឺបានរីករាលដាលចេញពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តមួយចំនួនរួចស្រេចទៅហើយ តាមរយៈនៃការរកឃើញដោយ ម៉ាស៊ីន PCR នៅទីក្រុងភ្នំពេញនិងនៅតាមបណ្ដាខេត្ត។ ឯតាមរយៈការធ្វើតេស្តរហ័ស ក៏បានរកឃើញការឆ្លងដែលមានចំនួនគួរឱ្យព្រួយបារម្ភ។ សម្ដេចតេជោថ្លែងថា ស្ថានភាពបែបនេះ ទោះបីជារាជរដ្ឋាភិបាលមិនមាន ការចាំបាច់ណាមួយដើម្បីបិទទីក្រុង ទីប្រជុំ ជន ឬបិទសាលារៀន បិទហាងលក់ដូរក៏ដោយចុះ។ ក៏ប៉ុន្តែរាជរដ្ឋាភិបាលមានការ ចាំបាច់ ដើម្បីអំពាវនាវចំពោះបងប្អូនជនរួមជាតិឱ្យបង្កើននូវវិធានការ ការពារសុខភាពផ្ទាល់ខ្លួន តាមរយៈការវិលត្រឡប់ទៅរកការអនុវត្តដោយខ្ជាប់ខ្ជួននូវវិធានការ«៣កុំ ៣ការពារ» នោះគឺការពាក់ម៉ាស ប្រើអាល់ កុលលាងដៃ និងបន្តរក្សាគម្លាត ហើយក៏ខិតខំចៀសវាងទៅទីកន្លែងដែលមានការប្រមូលផ្ដុំ ទីកន្លែងដែលបិទជិត និងការប៉ះពាល់គ្នា នៅក្នុងរយៈពេលនៃការឆ្លងរីករាលដាល ដែលមានទំហំកាន់តែធំទៅៗ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា ប្រភេទអូមីក្រុងដែលកំពុងចម្លងនេះ គឺជាប្រភេទដែលឆ្លងលឿន ឆ្លងឆាប់រហ័ស និងឆ្លងគ្មានរើសមុខ។ ដូច្នេះទាមទារឱ្យមានការប្រុង ប្រយ័ត្ននៅគ្រប់ទីកន្លែងទាំងអស់ ពិសេសគឺ យកចិត្តទុកដាក់នៅគ្រប់សាលារៀន សិស្សានុសិស្ស គ្រូបង្រៀន និងនៅតាមរោងចក្រសហគ្រាស ក៏ដូចជា ទីកន្លែងទីផ្សារ និងទីប្រជុំជននានា។ ជាមួយនឹងវិធានការសុខាភិបាលដែលត្រូវប្រកាន់យកនេះ សម្ដេចនៅតែទទូចអង្វរកដល់ប្រជាពលរដ្ឋទៅទទួលយកវ៉ាក់សាំងនូវដូសជំរុញ ព្រោះមានតែជម្រើសមួយនេះទេ ទើបអាចចៀសផុតពីមហន្តរាយដែលអាចកើតឡើងចំពោះជីវិតមនុស្ស ដែលមកដល់ពេលនេះ យើងមានរយៈពេលជិត៩០ថ្ងៃហើយដែលពុំមានមនុស្សស្លាប់។ ប៉ុន្តែវាក៏អាចឈានទៅរកការ ស្លាប់បានដែរ ប្រសិនមានការធ្វេស ប្រហែស។ វិធីដែលល្អជាងគេគឺការទទួលយកវ៉ាក់សាំងដូសជំរុញ។ អ្នកដែលមិនទាន់មានដូសជំរុញ ត្រូវចាក់ដូសមូលដ្ឋាន ឯអ្នកដែលចាក់ដូសមូលដ្ឋានបានរួចហើយ គឺយកដូសជំរុញជាដូសទី៣ ដូសទី៤ និងរហូតដល់ដូសទី៥។

សម្ដេចតេជោថ្លែងទៀតថា យើងឃើញ បទពិសោធន៍ថា សព្វថ្ងៃនេះអ្នកដែលបានឆ្លង គឺមានជំងឺមិនទាន់ធ្ងន់ធ្ងរ ការមិនទាន់ធ្ងន់ធ្ងរនេះ គឺបណ្ដាលមកពីយើងបានចាក់វ៉ាក់សាំង ប៉ុន្តែប្រសិនបើយើងមិនបានចាក់វ៉ាក់សាំងទេ ប្រហែលជាបញ្ហាបានកើតឡើងចំពោះអាយុជីវិតប្រជាពលរដ្ឋរបស់យើងរួចស្រេចទៅហើយ។ ដូច្នេះសម្ដេច បានបន្តការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រោះឥឡូវនេះបានឃើញស្ថានភាពនៃការរីករាលដាលចេញពីទីក្រុងទៅកាន់បណ្ដាខេត្ត ហើយតាមរយៈនោះ វាអាចចម្លងទៅកាន់ជនបទផងដែរ ដែលមិនត្រូវមើលស្រាលចំពោះវិធានការទាំងឡាយ ដែលយើងបានទទួលជោគជ័យកន្លងទៅ។ សម្ដេចតេជោគូសបញ្ជាក់ថា ជោគជ័យរបស់យើងដែលមានរយៈកាលកន្លងទៅ គឺបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋរបស់ តាមរយៈអនុវត្តនូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ ហើយនិងទទួលយកវ៉ាក់សាំង។ ក៏ប៉ុន្តែឥឡូវនេះ ចំនួនវ៉ាក់សាំងដូសទី៣ នៅតែមានចំនួនតិច បើប្រៀបធៀបទៅ យើងនៅមានប្រជាជនប្រមាណជាង៤លាននាក់ ដែលត្រូវមកទទួលវ៉ាក់សាំងដូសទី៣។

សម្ដេចតេជោក៏បានអង្វករដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន។ ព្រោះនេះជាបញ្ហាដែលមានសារៈ សំខាន់បំផុត មិនមានអ្នកណាឈឺជំនួសយើងនោះទេ គឺមានតែខ្លួនយើង ក្រុមគ្រួសារយើងតែប៉ុណ្ណោះ ដែលទទួលរងនូវផលលំបាក។ ទោះបីជាជំងឹមិនធ្ងន់ ក៏ប៉ុន្តែវារំខានទៅដល់ការរកស៊ីចិញ្ចឹមជីវិតរបស់បងប្អូន។ សម្ដេចតេជោក៏បានស្នើឱ្យផ្នែកសុខាភិបាលគ្រប់ជាន់ថ្នាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីមូលដ្ឋាន ភូមិ ឃុំ ជំរុញឱ្យប្រជាជនទទួលយកវ៉ាក់សាំង ដើម្បីការពារសហគមន៍របស់ខ្លួន៕


Telegram