សម្ដេចតេជោបញ្ជាក់ថា កម្ពុជាជាប្រទេសទី១ក្នុងតំបន់ដែលបានបើករបាំងទេសចរណ៍អន្តរជាតិឡើងវិញមុនគេ
ព័ត៌មានជាតិ
150

សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាជាប្រទេសទី១ក្នុងតំបន់ដែលបានបើក របាំងទេសចរណ៍អន្តរជាតិឡើងវិញមុនគេ ក្រោមទម្រង់ជាទេសចរណ៍វ៉ាក់សាំង។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូក សរុបផែនការស្តារ និងលើក ស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី ១ (២០២០-២០២១) និងឆមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញ នូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី ២ (ឆមាសទី២ ឆ្នាំ២០២២- ២០២៣) ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នាសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាអាចទប់ស្កាត់ស្ថានភាពនៃជំងឺកូវីដ១៩បានដោយជោគជ័យតាមរយ:ការចាក់ស្រោចវ៉ាក់សាំងជូនប្រជា ពលរដ្ឋកម្ពុជាគ្រប់ៗគ្នាដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានភាពស៊ាំក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ទើបកាលពីខែ មីនា ឆ្នាំ២០២២ កម្ពុជាក៏បានសម្រេចបើកការធ្វើដំណើរតាម ច្រកទ្វារអន្តរជាតិឡើងវិញ និងផ្តល់ទិដ្ឋាការនៅពេលមកដល់ (Visa on arrival) និងលុបចោលលក្ខខណ្ឌតម្រូវឱ្យបង្ហាញលទ្ធផល ភីស៊ីអ (PCR) តេស្តអវិជ្ជមាន និងមិនតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់ ដោយគ្រាន់តែបង្ហាញបណ្ណ ឬ ព័ត៌មាននៃការចាក់វ៉ាក់សាំងគ្រប់ដូស។

សម្ដេចតេជោបានមាន ប្រសាសន៍បន្តថា កម្ពុជាជាប្រទេសដំបូងគេមួយនៅក្នុងតំបន់ ដែលបានបើកចំហ ដោយកាត់បន្ថយរបាំងទទួលទេសចរអន្តរជាតិ ក្នុងការចូលមកកាន់ប្រទេសកម្ពុជាហើយការបើកទទួលទេសចរអន្តរ ជាតិដំបូងគេនេះជាឪកាសល្អសម្រាប់ស្តារសេដ្ឋកិច្ចវិស័យទេសចរណ៍កម្ពុជាឱ្យងើបចេញពីវិបត្តិនៃជំងឺកូវីដ១៩ ជាបន្តបន្ទាប់។ សំឡេង៖ កម្ពុជាជាប្រទេសដំបូងគេមួយនៅក្នុងតំបន់ដែលបានបើកចំហ និងកាត់បន្ថយរបាំងទទួលទេសចរអន្តរជាតិ ក្នុងការចូលមកកាន់ប្រទេសកម្ពុជា ហើយកាលពីខែមីនា ឆ្នាំ២០២២ កម្ពុជាក៏បានសម្រេចបើកទ្វារការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិឡើងវិញ និងផ្ដល់ព្រឹត្តិការណ៍នៅពេលមកដល់ នឹងលុបចោលលក្ខខណ្ឌតម្រូវឱ្យបង្ហាញPCR លទ្ធផលធ្វើតេស្តអវិជ្ជមាន និងមិនតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់ ដោយគ្រាន់តែបង្ហាញប័ណ្ណ ឬព័ត៌មាននៃការ ចាក់គ្រប់ដូស។ បើតាមរបាយការណ៍ក្រសួង ទេសចរណ៍បានឱ្យដឹងថា ក្នុង រយៈពេល៦ខែដើមឆ្នាំ ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥០ម៉ឺននាក់កើនឡើង៣៩៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២១ ដោយភាគច្រើនមកពីប្រភពទីផ្សារដូចជា៖ វៀតណាម ថៃ ចិន សហរដ្ឋ អាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្រ្តាលី សិង្ហបុរី និងឥណ្ឌា។ នៅមុនវិបត្តិកូវីដ-១៩ វិស័យទេសចរណ៍កម្ពុជា មានអត្រា កំណើនទេសចរអន្តរជាតិជាមធ្យម១២ភាគរយ ក្នុងមួយឆ្នាំៗ ក្នុងនោះឆ្នាំ២០១៩ ជាឆ្នាំកំពូល នៃវិស័យទេសចរណ៍កម្ពុជា ដោយទទួលបានទេសចរអន្តរជាតិជាង៦,៦ លាននាក់ កើន ឡើង៦ភាគរយបន្ថែមទៀត។ ប៉ុន្តែជាអកុសល ចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ វិស័យទេសចរណ៍កម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ ដោយការបាត់បង់ការធ្វើ ដំណើរជាអន្តរជាតិនិងបានបណ្តាលឱ្យក្រុមហ៊ុនជាច្រើននៅក្នុងវិស័យនេះកាត់បន្ថយផ្អាកឬបិទអាជីវកម្មទាំងស្រុងតែម្តងដែលជាហេតុនាំឱ្យបុគ្គលិករាប់ម៉ឺននាក់ត្រូវបានព្យួរការងារ ឬបានបាត់បង់ការងារ និងប្រាក់ចំណូល៕


Telegram