អស់ពីស៊ីស្បែកជើង លើកនេះស៊ីគ្រាប់បែកជាមួយអំបិលម្ទេសម្តង ភ័យខ្លួនពេក លុបវីដេអូចោល រួចបង្ហោះសុំទោសជាសាធារណៈ!!!
សន្តិសុខសង្គម
225

ប្រិយមិត្តស្គាល់ហើយ កញ្ញា អំបិលម្ទេស មានតែអំបិលម្ទេសមួយចាន ហូបជ្រលក់ ជាមួយនឹងរុក្ខជាតិ ផ្លែឈើ និងអាហារប្លែកៗ មិនថា ស្រកីដូង ស្បែកជើង ហើយមួយចុងក្រោយនេះ គឺស្រាប់តែឃើញ យកគ្រាប់បែក ជ្រលក់ជាមួយអំបិលម្ទេស ។

ទោះបីជា នាងបានអះអាងក្នុងវីដេអូថា គ្រាប់បែកនេះជានំ និងកុំឲ្យក្មេងៗយកគំរូតាមក៏ដោយ គេសង្កេតឃើញថា អ្នកលេងបណ្តាញសង្គមជាច្រើន បានផ្ទុះការរិះគន់ជាបន្តបន្ទាប់ លើកមុន ត្រូវគេរិះគន់ល្បីកក្រើកដល់ថៃ ថាអត់អីស៊ី ដល់ថ្នាក់យកស្បែកជើង ស៊ីជាមួយនឹងអំបិលម្ទេស , លើកនេះ លើសលើកមុនទៀត គឺហូបគ្រាប់បែក ទោះបីជាធ្វើអំពីនំតែការផលិតវីដេអូបែបនេះ អាចបង្កជាអន្តរាយគ្រោះថ្នាក់ ដល់ក្មេងៗយ៉ាងខ្លាំង បើក្មេងៗទាំងនោះធ្វើដោយមិនបានគិតជាមុន ជាពិសេសក្មេងៗដែលរស់នៅតាមជនបទ ដាច់ស្រយោល និងតំបន់សម្បូរគ្រាប់យុទ្ធភ័ណ្ឌសល់ពីសម័យសង្គ្រាមជាដើម ក្មេងខ្លះអាចយល់ឃើញថា ជាគ្រាប់បែកមែនទែន ហើយឃើញបែបនេះក៏ធ្វើតាម ដែលជាហេតុធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង និងដល់ថ្នាក់មហាជនខ្លះ សូមណូមពរឲ្យសមត្ថកិច្ចហៅនារីខាងលើ មកអប់រំ ដុះក្អែល ចេញម្តងផងដែរ កុំដើម្បីតែប្រយោជន៍ខ្លួនឯង ប៉ះពាល់ដល់សង្គម ។

ជាក់ស្តែងក្រោយមានការរិះគន់រួចមក កញ្ញា អំបិលម្ទេស បានសារបង្ហោះសុំទោសជាសាធារណៈ នៅលើផេក Food Recipe កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ និងលុបវីដេអូនោះចោលផងដែរ ដោយសំណេររបស់នាង បានសរសេរថា « គោរពជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់

នាងខ្ញុំកញ្ញាអំបិលម្ទេស សូមធ្វើការសុំទោស និងអភ័យទោសដល់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់ ចំពោះការធ្វើវីដេអូញាំគ្រាប់បែកធ្វើពីនំជាមួយអំបិលម្ទេស ដោយខ្វះការពិចារណា ដែលអាចបណ្តាលអោយមានផលប៉ះពាល់ដល់ក្មេងៗ ដែលអាចយកគំរូមិនល្អតាមខ្ញុំ។ ចំពោះកំហុសអចេតនានេះ នាងខ្ញុំសូមធ្វើការលុបវីដេអូនេះចេញ ពីផេករបស់នាងខ្ញុំ និងសូមធ្វើការសុំទោស និងអភ័យទោស ពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់ជាន់ថ្នាក់ និងសូមសន្យាថា នឹងមិនប្រព្រិត្តកំហុសបែបនេះបន្តទៀតនោះទេ។ នាងខ្ញុំបានលុបវីដេអូនេះចេញពីផេករបស់នាងខ្ញុំរួចរាល់ហើយ ចំពោះវីដេអូដែលបងប្អូនបានឃើញនៅផេកផេ្សង វាជាការទទួលខុសត្រូវរបស់អ្នកយកវីដេអូខ្ញុំទៅផុសបន្តដោយខ្លួនឯង។

គួរពុំគួរ សូមថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់ជាន់ថ្នាក់ មេត្តាទទួលនូវការគោរពដ៏ខ្ពងខ្ពស់អំពីនាងខ្ញុំ» ៕


Telegram