ភ្នំពេញ៖ ក្មេងទំនើងចំនួន៤នាក់ បង្ហោះម៉ូតូតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍កន្ទោកធ្វើការចាប់ឃាត់ខ្លួន ដោះកង់ឲ្យកាន់រៀងៗខ្លួន អប់រំណែនាំ និងហៅអាណាព្យាបាលធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការបង្ហោះម៉ូតូតាមផ្លូវតទៅទៀត កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងបុរីពិភពថ្មី កំបូល១ សង្កាត់កន្ទោក ខណ្ឌកំបូល។
បើតាមរបាយការណ៍របស់សមត្ថកិច្ច ការឃាត់ក្មេងស្ទាវទាំងនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានក្រុមក្មេងទំនើងមានគ្នាចំនួន០៤នាក់ ប្រើប្រាស់ម៉ូតូចំនួន ០៣គ្រឿង បានធ្វើសកម្មភាពបង្ហោះម៉ូតូទៅវិញទៅមក ក្នុងបុរីពិភពថ្មី កំបូល១ ទើបសមត្ថកិច្ចចុះចាំឃ្លាំមើល ក៏ប្រទះឃើញក្រុមក្មេងទំនើងបង្ហោះម៉ូតូ ទាំងនេះ និងឃាត់ខ្លួននាំយកមកប៉ុស្ដិ៍ ដើម្បីធ្វើការសាកសួរ អប់រំណែនាំ និងហៅអាណាព្យាបាលធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការបង្ហោះម៉ូតូតាមផ្លូវតទៅទៀត ព្រោះមិនមែនតែបង្កគ្រោះថ្នាក់តែខ្លួនឯងទេ អាចបង្កគ្រោះដល់អ្នកដ៏ទៃ។
ក្មេងទំនើងទាំង០៤នាក់នេះ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ លាង ម៉េងហ៊ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ដែន ធា ភេទប្រុស មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិបឹងកំបោក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
៣-ឈ្មោះ ឃុន ហុង ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៤/ឈ្មោះ ជុជ សុជាតិ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយដកហូតបាន វត្ថុតាងម៉ូតូ ហុងដាឌ្រីម ០២គ្រឿង និងម៉ូតូ ហុងដាប៊ីត ០១គ្រឿងផងដែរ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ





