ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរាទើបតែបានបញ្ចប់ការជួសជុលខ្លោងទ្វារខាងលិចរបស់ប្រាសាទចៅស្រីវិបុលកាលពីចុងសប្ដាហ៍មុន។ កន្លងមកប្រាសាទបុរាណ នៅក្រៅតំបន់ឧទ្យានអង្គរមួយនេះ មានសភាពទ្រុឌទ្រោមខ្លាំង បណ្ដាលបាក់ស្រុត និងដួលរលំអស់មួយផ្នែកធំជាយូរមកហើយ ដោយសារកត្តាអាយុកាល អាកាសធាតុ និងបរិស្ថាន ។
ដំណើរការជួសជុលតួខ្លោងទ្វារទាំងមូល បានចាប់ផ្តើមតាំងពីឆ្នាំ២០២០ ដោយប្រើរយ:ពេលជិត ២ឆ្នាំ ដែលក្រុមអ្នកបច្ចេកទេសបានអនុវត្តតាមវិធីសាស្រ្តអាណាស្ទីឡូស(Anastylosis) ដោយធ្វើការរុះរើតួខ្លោងទ្វារចេញទាំងស្រុង ដើម្បីធ្វើការជួសជុលពង្រឹងរចនាសម្ព័ន្ធគ្រឹះ ជួសជុលថ្មដែលបែកបាក់ ពុកផុយ ហើយរៀបផ្គុំតួខ្លោងទ្វារប្រាសាទឡើងវិញទៅតាមទម្រង់ដើមវិញ បានសំរេចនាដើមឆ្នាំ២០២២នេះ។
សូមជម្រាបថា ប្រាសាទចៅស្រីវិបុល រងការខូចខាតជាច្រើនអន្លើដោយសារសង្រ្គាម ដែលប្រើប្រាស់ប្រាសាទជាទីតាំងសមរភូមិ និងកត្តាមនុស្សគាស់កកាយរកវត្ថុបុរាណជាដើម។ ម្យ៉ាងទៀត ដោយសារតែអាយុកាលប្រាសាទនេះ មានដើមឈើធំៗដុះឫសជ្រែកថ្មបណ្តាលឲ្យប្រាសាទដួល
រលំ។
ចាប់ពីឆ្នាំ២០០៧មក អាជ្ញាធរជាតិអប្សរាបានថែទាំអភិរក្ស ដោយផ្តោតទៅលើការងារទល់ទ្រ ការទប់ស្កាត់ការដួលរលំនិងការរៀបចំធ្វើផែនទីហានិភ័យ ដើម្បីតាមដានស្ថានភាពគ្រោះថ្នាក់របស់ប្រាសាទនេះជាប្រចាំ។
ប្រាសាទចៅស្រីវិបុល បានកសាងឡើងក្នុងអំឡុងសតវត្សទី១១ នៃគ្រីស្ដសករាជ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ តាមរចនាបទឃ្លាំង ដោយសំណង់ប្រហាក់ប្រហែលទៅនឹងប្រាសាទភ្នំជីសូរ ក្នុងខេត្តតាកែវនិងប្រាសាទឯកភ្នំ ក្នុងខេត្តបាត់ដំបងដែរ។
ប្រាសាទចៅស្រីវិបុល ស្ថិតនៅក្នុងភូមិត្រាច ឃុំបល័ង្គ ស្រុកបាគង ដែលមានចំងាយប្រមាណ២៨គីឡូម៉ែត្រ ភាគខាងកើតពីទីរួមខេត្តសៀមរាប។
នៅទីនេះមានសក្តានុពលទេសចរណ៍យ៉ាងខ្លាំង សម្រាប់ឱ្យភ្ញៀវទេសចរអាចទៅសិក្សាអំពីប្រវត្តិសាស្រ្ត លំហែកំសាន្ត មើលប្រាសាទ មើលចម្លាក់ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕