រាជរដ្ឋាភិបាលចាប់ផ្តើមចាក់វ៉ាក់សាំងដល់កម្មករនិយោជិតនៅរាជធានីភ្នំពេញ
ព័ត៌មានជាតិ
182

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករនិយោជិតនៅតាមទីតាំងរោងចក្រធំៗចំនួន៧ នៅរាជធានីភ្នំពេញ បាននិងកំពុងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពីរាជរដ្ឋា ភិបាលកម្ពុជា។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោង ចក្រ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានបញ្ជាក់ថា កម្មករនិយោជិត ដែលមានឈ្មោះចាក់វ៉ាក់សាំងលើកដំបូង នៅថ្ងៃទី៧ ខែមេសា នេះ មានដូចជា៖ នៅសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវេងស្រេង សួនឧស្សាហកម្មISIតំបន់រោងចក្រដំបូលខៀវផ្លូវវេងស្រេង តំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញផ្លូវជាតិលេខ៤។ ចំណែក ទីតាំងធំៗចំនួន៤ទៀតដូចជា៖ នៅសួនឧស្សាហកម្មវឌ្ឍនៈ១ផ្លូវវេងស្រេង, រោងចក្រសិនចូវផ្លូវ វេងស្រេង, សួនឧស្សាហកម្មវឌ្ឍន២ ផ្លូវជាតិលេខ៣, និង រោងចក្រម៉ាវែល នឹងទទួលបានការចាក់នៅថ្ងៃទី៩ខែមេសា។ ឯកឧត្តម បន្តថា ការចាក់វ៉ាក់សាំងនេះ នឹងគ្របដណ្តប់ដល់កម្មករ និយោជិត ខណៈបច្ចុប្បន្ន ក្រសួងមានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងដៃប្រមាណ២០ម៉ឺនដូស សម្រាប់ចាក់ជូនកម្មករ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់កម្មករនិយោជិត កុំមានការព្រួយបារម្ភចំពោះ ការចាក់វ៉ាក់សាំង នេះ ដោយវាមិនមានផលប៉ះពាល់ដល់សុខភាពនោះឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យមើលទីតាំង សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដល់កម្មករនិយោជិត ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការស្ម័គ្រចិត្តចាក់វ៉ាក់សាំង គឺជាជម្រើសតែមួយគត់ដែលជួយឱ្យចៀសផុតពីជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតដ៏កាចសាហាវនេះបាន។ ឯកឧត្តម មានប្រសាសន៍ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គោះជីវិតមនុស្ស។

បច្ចុប្បន្ន កម្លាំងកម្មករនិយោជិតកម្ពុជា ដែលកំពុងធ្វើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានសរុបប្រមាណជិត ១លាននាក់ ក្នុងនោះភាគច្រើន គឺជាស្រ្តីមកពីជន បទ៕ ប្រភពក្រសួងព័ត៍មាន


Telegram