លោកគួច ខេវិន បានបង្ហោះសារ រិះគន់ចំពោះ ឡៅ បញ្ញា ជាបេក្ខជន Mistersupranational Cambodia 2022 មិនសម្ចៃមាត់ទៅលើ ការលើក ដៃNumber One លើឆាកអន្តរជាតិ ជំនួសដោយការសំពះ របស់កម្ពុជា នៅលើឆាកពេលប្រកួតផ្តាច់ព្រ័ត្រ រហូតលោកពោលពាក្យថា មានក្តីអាម៉ាស់បំផុត ឱ! កូនខ្មែរបើអ្នកមិនថែវប្បធ៌មរបស់ខ្លួន តើផ្ញើរឲ្យនរណាជួយថែ?
ក្នុងនោះ យោងតាមការបង្ហោះ របស់លោក គួច ខេវិន បានបង្ហោះកាលពីពេលថ្មីៗនេះ សរសេរថា « សម្រាប់ខ្ញុំគឺជាការសោកស្តាយ ជាអនេកប្បកា និងមានក្តីអាម៉ាស់បំផុត ប្រសិនបើក្នុងនាមជាកូនខ្មែរ ដែលមានឱកាសបង្ហាញមុខ លើកគ្រវីទង់ជាតិ លើវេទិកាអន្តរជាតិ ប៉ុន្តែបែរជាជាន់ពន្លិច នូវអត្តសញ្ញាណ វប្បធ៌មជាតិ ខ្លួន«សំពះ» ហើយលើកជ្រោងវប្បធ៌មបរទេស« Number One» ទៅកាន់គណមេប្រយោគ និងអ្នកគាំទ្រទៅវិញនោះ។ តើអ្នកស្អប់ វប្បធ៌មលើកម្រាមដៃទាំងដប់សំពះ ហើយស្រឡាញ់ការលើកមេដៃមួយឬយ៉ាងណា នៅពេលដែលអ្នកលើកជ្រោង គ្របដណ្តប់កាយ ដោយទង់ជាតិមានរូបមហាប្រាង្គប្រាសាទអង្គរវត្តដ៏អច្ឆរិយនោះ បើដូច្នោះមែនសូមអ្នកកុំតំណាងឲ្យខ្មែរធ្វើអ្វី !ខ្ញុំខ្មាសគេណាស់ ពិសេសខ្មាសមនុស្សនៃប្រទេសជិតខាងដែលជារឿយៗ បានលួចយកនូវអត្តសញ្ញាណវប្បធ៌មជាតិខ្មែរទៅធ្វើជារបស់ខ្លួន ហើយយកទៅបង្ហាញនៅលើឆាកអន្តរជាតិថែមទៀត ។ ឱ! កូនខ្មែរបើអ្នកមិនថែវប្បធ៌មរបស់ខ្លួន តើផ្ញើរឲ្យនរណាជួយថែ? » ។
ជុំវិញការបង្ហោះរបស់លោក គេឃើញមានមហាជន ភាគច្រើន ចូលទៅខមមិន គាំទ្រការលើកឡើងរបស់លោក ដែលផ្តោតលើការសំពះ បង្ហាញពីវប្បធម៌ និងអរិយធម៌របស់កម្ពុជា បង្ហាញគេថា ការសំពះនេះជារបស់កម្ពុជា មិនមែនជាតិសាសន៍ផ្សេង និងជាវេទិកាមួយដែលធ្វើឲ្យគេស្គាល់យើងកាន់តែបានច្រើនថែមទៀត ។ តែទន្ទឹមនោះ ក៏មានមហាជនមួយចំនួនតូចផ្សេងទៀត លោកក៏បានបញ្ចេញយោបល់មិនគាំទ្រ និងលើកថាឡើងជាការជាន់ពន្លិតគ្នាឯង គ្រាន់តែរឿងប៉ុណ្ណោះ គួរតែបើកចិត្តឲ្យធូលាយ ៕
ក្រោយមានការរិះគន់ពីសំណាក់ លោក គួច ខេវិន និងមហាជន រួចហើយនោះ គេឃើញ ម្ចាស់សមីខ្លួន ឡៅ បញ្ញា បានបង្ហោះឆ្លើយតបទាំងស្រុងថា « ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរព ខ្ញុំបាទ ឡៅ បញ្ញា ជាបេក្ខជន Mistersupranational Cambodia 2022។ ខ្ញុំបាទសូមលំឱនកាយ គោរពដោយម្រាមដៃដប់សំពះ ដល់ពុកម៉ែបងប្អូនដែលជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាអធ្យាស្រ័យនូវកំហុសឆ្គង ដែលការដើរបង្ហាញក្នុងថ្ងៃផ្តាច់ព្រាត់ នៅប្រទេសប៉ូឡូញ រូបខ្ញុំមានការភាន់ភាំង មិនបានលើកដៃសំពះ ដែលជាទម្លាប់ថ្លៃថ្នូររបស់ជនជាតិខ្មែរយើង។ ការខុសឆ្គងមួយនេះខ្ញុំបាទសូមទទួលកំហុសទាំងស្រុងថា ខ្ញុំបាទមានការខុសឆ្គងពិតមែន។ សូមពុកម៉ែបងប្អូនមេត្តាទទួលយកការគោរព សូមទោស មួយនេះពីខ្ញុំបាទផង ដោយក្តីករុណា។ សូមជូនពរអោយពុកម៉ែបងប្អូនដែលជាគ្រួសារខ្មែរទាំងអស់ជួបតែសំណាងល្អគ្រប់ពេលវេលា» ៕