មេបញ្ជាការកងពលតូចលេខ៧០ បានចេញបញ្ជាឱ្យក្រុមសង្គ្រោះបន្ទាន់៧១១ និងកម្លាំងទ័ពទាំងអស់របស់កងពល ត្រៀមខ្លួន និងសម្ភារ ដើម្បីសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជំនន់ ខណៈដែលអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយក៏បានប្រាប់មន្រ្តីរបស់ខ្លួនឱ្យត្រៀមរួចរាល់ផងដែរ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានថ្លែងថា តាមអនុសាសន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានចេញបទបញ្ជាឱ្យកងឯកភាពចំណុះកងទ័ពជើងគោកត្រៀមកម្លាំង សម្ភារសង្គ្រោះ និងមធ្យោបាយដឹកជញ្ជូនសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។
ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា កងពលបានដាក់បទបញ្ជាបន្ទាន់ឱ្យកម្លាំងទ័ពទាំងអស់របស់កងពល រួមជាមួយជំនាញកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ត្រៀមខ្លួន២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា មកដល់ពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយនឹងកងទ័ពរៀបចំកងអន្តរាគមន៍ ចំនួន ១៦ កង ដើម្បីត្រៀមខ្លួន ដោយបានហ្វឹកហ្វឺន និងបំពាក់សម្ភាររួចរាល់ ពោលគឺអាចចេញប្រតិបត្តិការគ្រប់ពេលវេលា នៅតាមតំបន់ដែលអាចងាយរងគ្រោះ។
លោកបានបន្តថា កន្លងមក ពោលគឺកាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា សប្តាហ៍មុន គ្រោះទឹកជំនន់បានកើត នៅខេត្តព្រះសីហនុ ពោធិ៍សាត់ បាត់ដំបង រតនគីរី និងឧត្តរមានជ័យ ។
លោកបានបន្តថា ទោះបីជាទឹកជំនន់ទាំងនោះមិនធ្ងន់ធ្ងរមែន ប៉ុន្តែជាអកុសលមានគ្រួសារមួយ មានគ្នាបីនាក់ ដែលធ្វើដំណើរតាមម៉ូតូ ត្រូវទឹកហូរកួច ស្លាប់ពីរនាក់ នៅខេត្តពោធិ៍សាត់ ហេតុដូចនេះហើយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានណែនាំឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ តាមដានសភាពការណ៍គ្រោះធម្មជាតិជាប្រចាំ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយព្យាករថាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ដែលស្ថានភាពនេះបង្កឱ្យមានភ្លៀងពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕