រដ្ឋសភាសម្រេចអនុម័តសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ធម្មនុញ្ញចំនួន៨មាត្រា ដោយសំឡេងគាំទ្រ១០៥រូប
ព័ត៌មានជាតិ
201

រដ្ឋសភាបានបន្ដសម័យប្រជុំរដ្ឋសភាលើកទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយក្នុងនោះសមាជិក សមាជិកា បានលើកដៃអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ធម្មនុញ្ញចំនួន៨មាត្រាដោយសំឡេងគាំទ្រចំនួន១០៥រូប នៃចំនួនសមាជិកសភាចូលរួមប្រជុំ១០៦រូបជាស្ថាពរ។ ការអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនេះធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នីតិកាលទី៦ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានសមាជិករដ្ឋសភាចូលរួមសរុប១០៦រូប។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលបានលើកឡើងថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនរម្មមាត្រា១៩ ថ្មី (មួយ) ហត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចកកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការ ជាប្រក្រតី ស្ថាប័នជាតិ ។ ក្នុងថ្លែងហេតុបានបានឱ្យដឹងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យ ប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និង ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ចំនួន ៩ លើក សំដៅធានាឱ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាការពារនូវឧត្តមប្រយោជន៍របស់ប្រ ទេសជាតិ និងប្រជាជនកម្ពុជា ។ សំណើវិសោធនកម្មលើកទី ១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ ក៏ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួនពីរផងដែរ ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ គឺ៖ ទី១-ការធានា ឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេស អំណាចនីតិប្រតិបត្តិដែ លមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ។ ទី២-ការធានា ការពារ និងថែរក្សាឱ្យ បាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាព នយោបាយរបស់ ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្ត របស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ ក៏ធានាបាននូវការគោរព គោលការណ៍គ្រឹះនៃ របបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមបែបរបបសភានិយម ព្រមទាំងការលើកកម្ពស់នូវគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួន តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅរៀងរាល់ ៥ ឆ្នាំម្តង ប្រកបដោយ លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និង បទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ។

យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលបានបន្ថែមថា ការធ្ចើវិសោធនកម្មច្បាប់នេះក៏ដើម្បីឆ្លើយតបនឹងសំណូមពរចាំបាច់ និងគោលដៅខាងលើនេះ ពិសេសដើម្បីធានានូវនិរន្តរភាពចំពោះ កិច្ចដំណើរការប្រព្រឹត្ត ទៅជាប្រក្រតី និងដោយរលូនរបស់ស្ថាប័នកំពូលរបស់ជាតិ ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍នៃរបប រាជានិយមអាស្រ័យដោ យរដ្ឋធម្មនុញ្ញ។ ទន្ទឹមនេះ ដោយអនុលោមតាមមាត្រា១៥៣ ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជា សូមស្នើធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះ រាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញ បន្ថែមសំដៅធានា នូវដំណើរការជាប្រ ក្រតីនៃស្ថាប័នជាតិ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ៕


Telegram