ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា នឹងខិតខំរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ដោយមិនឱ្យប៉ះពាល់ដល់ការឯកភាពរបស់អាស៊ានឡើយ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ចំពោះ បញ្ហាមីយ៉ាន់ម៉ា យើងបានចំណាយពេលវេលា និងថាមពលយ៉ាងច្រើន ដោយបានពុះពារការលំបាក និងជម្នះការរិះគន់ជាច្រើន ដើម្បីជួយប្រទេសមួយនេះ និងប្រជាជនមីយ៉ាន់ម៉ា រកដំណោះស្រាយនយោបាយ។ យើងនឹងបន្តអនុវត្តន៍ការងារនេះដោយមិនធ្វើឱ្យប៉ះពាល់ដល់ឯកភាពអាស៊ាន តាមរូបភាពណាមួយឡើយ”។
សម្ដេចតេជោបានថ្លែងថា ទោះបីជាការអនុវត្តកុងសង់ស៊ីស ៥ចំណុច ពុំមានភាពជឿនលឿនតាមដែលគ្រប់គ្នាចង់បាន ប៉ុន្តែការខិតខំរបស់យើងកន្លងមក បានសម្រេចភាពជឿនលឿនខ្លះដែរ ជាពិសេសលើការងារផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការបំផុត។ ប៉ុន្តែសភាពការណ៍នៅពេលនេះ ប្រែប្រួលខ្លាំង ដែលអាចនិយាយបានថា កាន់តែអាក្រក់ជាងមុនមានការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចទៅទៀត ក្រោយពីការអនុវត្តទោសប្រហារជីវិតទៅលើសកម្មជនបក្សប្រឆាំង ៤រូប។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា កម្ពុជាក៏ដូចជារដ្ឋសមាជិកអាស៊ានទាំងអស់ខកចិត្ត និងរន្ធត់យ៉ាងក្រៃលែង ចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងទាំងនេះ បើទោះបីជាសម្ដេច និងថ្នាក់ដឹកនាំដទៃទៀតបានអំពាវនាវឱ្យមានការពិចារណាឡើងវិញ អំពីការកាត់ទោសប្រហារជីវិតនេះ ដើម្បីជាប្រយោជន៍នៃកិច្ចសន្ទនានយោបាយ សន្តិភាព និងការបង្រួបបង្រួមជាតិ។
សម្តេចតេជោគូសបញ្ជាក់ទៀតថា “ក្នុងករណីមានអ្នកទោសដទៃទៀត ដែលនឹងត្រូវកាត់ទោសប្រហារជីវិត យើងនឹងត្រូវបង្ខំចិត្តគិតគូរឡើងវិញអំពីតួនាទីរបស់យើង ចំពោះការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន”៕ដោយ អ៊ាង ប៊ុនរិទ្ធ សម្រួល
ផ្សាយដោយ៖ ធូ កុសល