រាជធានីភ្នំពេញ ៖ យោងតាមគេហទំព័រផ្លូវការរបស់ ក្រសួងព័ត៌មាន ដែលបានបង្ហោះអត្ថបទ ដែលមានចំណងជើងថា « រដ្ឋមន្ត្រីការបរទេសជប៉ុន៖ តើជ្រាបទេថា ខ្ញុំចង់សាកល្បងអ្វី ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានោះ? » មានខ្លឹមសារថា ស្របពេលដែលកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នោះ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុនបានបង្ហាញនូវចំណាប់អារម្មណ៍ដោយលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្ដមចង់សាកល្បងអ្វីនោះ គឺម្ហូបខ្មែរ។ «ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះ ខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក» ។ ការលើកឡើងនេះ តាមរយៈសាររបស់ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន ជូនចំពោះប្រជាជនកម្ពុជា។ នេះបើយោងតាមស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ក្នុងសាររបស់ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានគូសបញ្ជាក់ថា ឯកឧត្ដម នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូងក្នុងនាមជារដ្ឋមន្រ្តីការបរទេស។ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី អាបេ តាមរយៈការបង្ហូតទង់ជាតិពាក់កណ្តាលដងនៅក្នុងទូទាំងប្រទេសកម្ពុជា ហើយការផ្ញើលិខិត និងសាររំលែកទុក្ខជាច្រើន។ ឯកឧត្ដមរដ្ឋមន្រ្ដីការបរទេសជប៉ុនបានចាត់ទុកកាយវិការដ៏កក់ក្ដៅទាំងនេះ បានលើកទឹកចិត្តដល់ឯកឧត្ដមផ្ទាល់ ហើយធ្វើឱ្យឯកឧត្ដមរំភើបដោយដឹងថាមានមិត្តជាច្រើននាក់នៅប្រទេសកម្ពុជា។
ក្នុងសាររបស់ឯកឧត្ដមក៏បានរំលេចផងដែរថា ក្នុងទស្សនកិច្ចលើកនេះ ឯកឧត្ដមមានបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជានិងជប៉ុន។ កាលពីខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រី គិស៊ិដា បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដោយបង្ហាញពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ឯកឧត្ដមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា «ប្រទេសជប៉ុនឹងបន្តខិតខំធ្វើការដើម្បីអនុវត្តន៍សេចក្តីថ្លែងការណ៍រួមឱ្យចេញជាសហប្រតិបត្តិការជាក់ស្តែងជាមួយប្រជាជនកម្ពុជា»។
ទន្ទឹមនោះ យោងតាមផេកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះថា « នៅថ្ងៃទី៤ ខែសីហា ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា» ៕