ខេត្តព្រះសីហនុ ៖ អាជ្ញាសាលា ក៏ជាស្ថាប័នអនុវត្តសេចក្តីសម្រេចរបស់តុលាការ ហើយបច្ចុប្បន្នមិនទាន់មានរចនាសម្ព័ន្ធអាជ្ញាសាលានៅតាមសាលាដំបូងនៅឡើយទេ ហើយក្រសួងនឹងរៀបចំសេចក្តីព្រាងច្បាប់លក្ខន្ទិកៈ អាជ្ញាសាលា អោយបានចេញនៅចុងឆ្នាំ២០២២ ដោយនៅក្នុងច្បាប់លក្ខន្ទិកៈ ក៏មានចែងស្តីអំពីការបង្កើតមន្ទីររអាជ្ញាសាលា នៅក្នុងបរិវេណសាលាដំបូងរាជធានីខេត្តផងដែរ ។ នេះបើយោងតាមការបញ្ជាក់ របស់ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌។
ថ្លែងក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវិជ្ជាជីវៈអាជ្ញាសាលា នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២២ នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការអញ្ជើញចូលរួមផ្សព្វផ្សាយនៅពេលនេះ ក្នុងគោលបំណងផ្សព្វផ្សាយវិជ្ជាជីវៈអាជ្ញាសាលាឱ្យបានទូលំទូលាយ និងបញ្រ្ជាបការយល់ដឹងអំពីតួនាទី ភារកិច្ចសិទ្ធិអំណាច និងការអនុវត្តដោយបង្ខំរបស់អាជ្ញាសាលាដល់មន្រ្តីអនុវត្តច្បាប់ដែលពាក់ព័ន្ធ។
សិក្ខាសាលានេះផងដែរ ពិតជាមានសារៈយ៉ាងសំខាន់ចំពោះសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថ មន្ទីរពាក់ព័ន្ធក្នុងខេត្ត អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង សាលាសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងព្រះសីហនុ។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានៅថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយរលូន និងសូមលោក លោកស្រី ដែលមានវត្តមាននៅទីនេះ ចូលរួមអោយបានសកម្មក្នុងពេលសួរសំនួរបញ្ចេញមតិ និងចែករំលែកចំណេះដឹងដែលជាប្រយោជន៍សម្រាប់ការសហការ និងការអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុរបស់យើងទាំងអស់គ្នា ៕ សំណាង