ប៉េកាំង៖ ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មទៅលើប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi និងក្រុមគ្រួសារភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពនិងបង្កហេតុរបស់លោកស្រី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។
នៅក្នុងសេចក្តីប្រកាសលើគេហទំព័ររបស់ក្រសួងការបរទេសចិនបានបញ្ជាក់ថា «ដើម្បីទប់ទល់ជាមួយសកម្មភាពឌឺដងរបស់លោកស្រី Nancy Pelosi ភាគីចិនបានសម្រេចដាក់ទណ្ឌកម្មលោកស្រី និងគ្រួសារទៅតាមច្បាប់ ពាក់ព័ន្ធរបស់ចិន»។
ការប្រកាសរបស់ក្រសួងការបរទេសចិនមិនបានបញ្ជាក់ច្បាស់លាស់ពីខ្លឹមសារនៃការដាក់ទណ្ឌកម្មលើលោកស្រី Nancy Pelosi និងគ្រួសារនោះឡើយ។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា លោកស្រីបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើឱ្យប៉ះពាល់ដល់ដែនអធិបតេយ្យរបស់ចិន បំពានច្បាប់ចិនតែមួយដែល អាមេរិកបានព្រមព្រៀង។
នៅថ្ងៃទី៤ខែសីហា ចិនបានចាប់ផ្តើមធ្វើសមយុទ្ធនៅ៦កន្លែងផ្សេងទៀតជុំវិញកោះតៃវ៉ាន់ ក្នុងនោះមានទាំងបាញ់មីស៊ីលទៅលើដែនអាកាសផងដែរ ។
នៅថ្ងៃទី ៥ខែសីហានេះ ចិនបានបញ្ជូនយន្តហោះចម្បាំងដល់ទៅ១០០គ្រឿងចូលរួមធ្វើសមយុទ្ធ ព្រមទាំងនាវាចម្បាំងជាច្រើនគ្រឿងទៀតផងដែរ៕
ប្រភព៖ Reuters