ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK បានឲ្យដឹងថា ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ បានដឹកនាំលោកអភិបាលស្រុកសំរោង អង្គរបូរី និងលោកប្រធានមន្ទីរព័ត៌មាន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងក្រុមកងវិស្វកម្មក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យស្ពានទំនប់ដាច់ បានបាក់ស្រុតដី ដែលមិនអាចធ្វើដំណើរឆ្លងកាត់ទៅមកបាន នៅជាប់ព្រំប្រទល់ស្រុកសំរោង និងស្រុកអង្គរបូរី ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានគូសបញ្ជាក់ថា ការបាក់ស្រុតដីនៅជាប់ស្ពាន់ទំនប់ដាច់នេះ វាគឺជាបាតុភូតធម្មជាតិ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនអាចធ្វើដំណើរចរាចរណ៍ឆ្លងកាត់ទៅមកបានរវាងស្រុកសំរោង និងស្រុកអង្គរបូរីតាមផ្លូវកាត់បឹង១ខ្សែរនេះ ហើយផ្លូវនេះនឹងផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នយ៉ាងយូរត្រឹម ២ឬ៣ថ្ងៃតែប៉ុណ្ណឹង ដើម្បីទុកពេលឱ្យក្រុមការងារកង ១៨១ នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ដឹកនាំដោយផ្ទាល់ ឧត្តមសេនីយ៍ទោ ជា ស៊ីថន ដែលជាប្រធាន ធ្វើការជួសជុលឱ្យហើយរួចរាល់ និងធានាបានសុវត្ថិភាព ទើបយើងអាចបើកឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់បានជាធម្មតាឡើងវិញ ៕