យោងតាមផេកផ្លូវការរបស់ ឯកឧត្តម ស ថេត បានឲ្យដឹងពីសកម្មភាព នៃការ គោរពទង់ជាតិនៃព្រះរាជណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ ដោយមានកម្លាំងចូលរួមសរុបចំនួន ១១៣៥នាក់ ។
ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ និងមន្ត្រីតាមគ្រប់ផែនការងារជំនាញសរុប ចំនួន ១១៣៥នាក់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមស្នងការ បានធ្វើការកោតសរសើរដល់កម្លាំងទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ នាពេលកន្លងមក ជាពិសេសផ្តល់មតិណែនាំជាច្រើនដល់កងកម្លាំង ក្នុងនាមជាកងកម្លាំងត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ រក្សាការពារ សន្តិសុខ សណ្តាប់ធ្នា ប់ឱ្យបានល្អ ជូនថ្នាក់ដឹកនាំ គណប្រតិភូជាតិ អន្តរជាតិ ប្រជាពលរដ្ឋទូទៅ គោរពវិន័យឱ្យបានម៉ឺងមាត់ ត្រូវប្រើប្រាស់សំដីសំដៅនិងកាយវិការឲ្យបានសមរម្យ សក់ត្រូវកាត់ខ្លីជានិច្ច និងឯកសណ្ឋានត្រូវតែស្អាតជាប្រចាំ ។
ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានណែនាំដល់មន្ត្រីទាំងអស់ត្រូវចូលរួមប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ និងជំងឺឆ្លងអុតស្វា ៕