យុវជន៨រូបធ្វើដំណើរថ្មើរជើងចម្ងាយ ៥៧គីឡូម៉ែត្រ ចេញពីខេត្តកំពង់ស្ពឺ ទៅខេត្តកោះកុង...
ព័ត៌មានជាតិ
109

យោងតាមផេកផ្លូវការរបស់ ក្រសួងបរិស្ថាន ដែលបានបង្ហោះនៅព្រឹក ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ដោយបានដាក់ Credit: Solo Landscapes បានឲ្យដឹងទាំងស្រុងថា ៖ យុវជនចំនួន០៨រូបបានធ្វើដំណើរថ្មើរជើងចម្ងាយ ៥៧គីឡូម៉ែត្រ ចេញពីភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅកាន់ ពយម្រេញកង្កែប ស្ថិត នៅភូមិជំនាប់ ឃុំចំណារ ស្រុកថ្មបាំង ខេត្តកោះកុង។

ក្រសួងបរិស្ថាន បញ្ជាក់ថា ដំណើរផ្សងព្រេងបែបដើរមិនត្រលប់មកទីតាំងចាស់ អ្នកផ្សងព្រេងត្រូវរ៉ាប់រងនូវសម្ភារៈផ្សងព្រេង កាតាប និងសម្ភារៈចំបាច់ ដោយយើងអាចរីករាយទេសភាពចាប់តាំងពីភូមិ ព្រៃសហគមន៍ ខ្នងក្រពើ អូរខ្មែរក្រហម វាលហាលសំពត់ រោងជំនាង រូងខៀវរូងក្រហម ទឹកជ្រោះឆាយយោង ទេសភាពតាមភូមិចំណារ អារ៉ែង និងពយម្រេញកង្កែប។

ទីបំផុតក្រុមយើងធ្វើបានវាបានម្តងទៀត ដែលមានអ្នកចូលរួមប្រមាណ៨នាក់ ហើយយើងបានជួបរឿងច្រើនដូចជា ឡើងចំណោត ស្ពាយអីវ៉ាន់ជាប់ខ្លួន ភ្លៀង ដើរអស់ជើង ចុះចំណោត រអិល ឆ្លងទឹកហូរ មានសត្វទៀក ជិះទូកកាត់ស្ទឹង និងខោអាវសើម ជាដើម តែចុងក្រោមយើងអាចធ្វើវាដោយជោគជ័យ និងមោទកភាពចំពោះការយកឈ្នះខ្លួនឯង និងបានចងចាំគ្រប់សកម្មភាពនេះ ៕

Telegram