ភ្នំពេញ៖ យោងតាមផេក Phnom Penh Gendarmerie បានបង្ហោះកាលពីវេលាម៉ោង ១២និង៣៤នាទី ថ្ងៃត្រង់ទី៨ ខែមីនា ឆ្នាំ២០២១ នេះឲ្យដឹងថា កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ផេក Phnom Penh Gendarmerie បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖
១.ឈ្មោះ ថា ប៊ុនថង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ។
២.ឈ្មោះ ប្រាក់ បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា ផ្លូវលំ ក្រុមទី០៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខណ្ឌទួលគោក បានចេញល្បាតដើម្បី បង្ការ បង្ក្រាប បទល្មើសនៅក្នុងភូមិសាស្រ្តរបស់ខ្លួន លុះដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនសង្ស័យទាំង០២នាក់ កំពុងជិះម៉ូតូយ៉ាងលឿន ដោយមានការសង្ស័យ កម្លាំងល្បាតក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់យកមកសួរនាំនៅមូលដ្ឋានអាវុធហត្ថខណ្ឌ។
ក្រោយពេលសាកសួរជនសង្ស័យទាំង០២នាក់បានសារភាពថា ពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿងបានសម្រេច នៅម្ដុំគល់ស្ពានស្ទឹងមានជ័យ ហើយក៏មានគេដេញតាមពីក្រោយទើបពួកគេជិះគេចខ្លួនដល់ចំណុចកើតហេតុក៏ត្រូវសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង០២ខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕