ខេត្តឧត្តរមានជ័យ ៖ កម្លាំងអង្គភាពវរសេនាតូចលេខ៤១៤ ចំណុះឲ្យកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រោមបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ រឹម គុយ មេបញ្ជាការការវរសេនាតូចលេខ៤១៤ បានចាត់តាំងលោក វរសេនីយ៍ត្រី ស្មុត ម៉ាច មេញ្ជាការរង វរសេនាតូចលេខ៤១៤ ដឹកនាំកម្លាំងចំនួន១៣នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រឡាយ ប្រជាការពារ និងអាជ្ញាធរភូមិ ឃុំ ចំនួន៨នាក់ សរុបមានចំនួន២១នាក់ ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋចំនួន២គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង មកកាន់ទីទួលសុវត្ថិភាព។ នេះបើយោងតាមផេកផ្លូវការរបស់ អ្នកនាំពាក្យកងពលតូច ថ្មើរជើង លេខ៤១ ។
ប្រជាពលរដ្ឋទាំង២គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ រួមមាន ៖
ទី១) ឈ្មោះហយ ខ្លី ភេទស្រីអាយុ៥៩ឆ្នាំ
ទី២) ឈ្មោះសំ ស៊ីម ភេទស្រី អាយុ៤០ឆ្នាំ។
ប្រជាពលរដ្ឋទាំង២គ្រួសារខាងលើមាន មុខរបរជាកសិករ និងមានទីលំនៅភូមិត្រពាំងបី(ជាប់ជើងភ្នំដងរែក) ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយសម្ភារៈ ដែលរងការលិចខូចខាតរួមមាន៖ លិចស្រូវអង្ករសរុបចំនួន១៩ការ៉ុង ជីដាក់ស្រូវចំនួន៥០ការ៉ុង បាត់មាន់ទាសរុបចំនួន៦០ក្បាល និងលិចសម្ភារមួយចំនួនធំទៀត។
ជាមួយនោះក្រុមសង្គ្រោះបានសង្គ្រោះមកវិញនូវអង្ករ និងស្រូវចំនួន១៩ការ៉ុង ជីដាក់ស្រូវចំនួន៥០ការ៉ុង ជ្រូកចំនួន១០ក្បាល មាន់ទា៤០ក្បាល គោយន្ត១គ្រឿង ម៉ូតូ១គ្រឿង កង់១គ្រឿង ម៉ាស៊ីនភ្លើង១គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំទៀត៕