សេអ៊ូល៖ សមយុទ្ធរួមគ្នាគឺជាសមយុទ្ធដ៏ធំបំផុត ចាប់តាំងពីឆ្នាំ២០១៧ ហើយកើតឡើងបន្ទាប់ពីកូរ៉េខាងជើង បានច្រានចោលការផ្តល់ជំនួយសេដ្ឋកិច្ចរបស់ទីក្រុងសេអ៊ូល ជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែរ។ ក្រុមមន្ត្រី បាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈដែលសម្ព័ន្ធមិត្តស្វែងរកការរឹតបន្តឹងការត្រៀមខ្លួន សម្រាប់ការសាកល្បងអាវុធដ៏មានសក្តានុពលរបស់កូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
សមយុទ្ធរដូវក្តៅប្រចាំឆ្នាំនៅប្រទេសកូរ៉េ ឈ្មោះ Ulchi Freedom Shield បានចាប់ផ្តើមនៅថ្ងៃច័ន្ទ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញា។ សមយុទ្ធនេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលចូលកាន់តំណែងកាលពីខែឧសភា បានសន្យាថានឹង«ធ្វើឱ្យដំណើរ»នូវសមយុទ្ធរួម និងជំរុញការរារាំងប្រឆាំងនឹងកូរ៉េខាងជើង។
កូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធការពារស៊ីវិល Ulchi រយៈពេលបួនថ្ងៃដោយឡែកពីគ្នាកាលពីថ្ងៃចន្ទ ដែលត្រូវបានធ្វើឡើង ដើម្បីជំរុញការត្រៀមខ្លួនរបស់រដ្ឋាភិបាលជាលើកដំបូង ចាប់តាំងពីការរីករាលដាលនៃមេរោគឆ្លង។
លោក Yoon បាននិយាយថា សមយុទ្ធយោធា និងស៊ីវិល មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវការត្រៀមខ្លួនរបស់ប្រទេស ដើម្បីផ្គូផ្គងគំរូនៃសង្រ្គាម ដែលផ្លាស់ប្តូរជាមួយនឹងការវិវត្តន៍នៃការគំរាមកំហែងតាមអ៊ីនធឺណិត ប្រឆាំងនឹងកន្លែងសំខាន់ៗ ដូចជារោងចក្រផលិតបន្ទះឈីប និងខ្សែសង្វាក់ផ្គត់ផ្គង់។
លោក Yoon បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយអំពាវនាវឱ្យធ្វើសមយុទ្ធហ្មត់ចត់ដោយផ្អែកលើសេណារីយ៉ូក្នុងពិភពលោក ថា«ការរក្សាសន្តិភាពនៅលើឧបទ្វីបកូរ៉េ គឺត្រូវបានបង្កើតឡើងនៅលើឥរិយាបថសុវត្ថិភាពរបស់យើង»។
គួរបញ្ជាក់ថា សមយុទ្ធនេះគឺជាសមយុទ្ធដ៏ធំបំផុតចាប់តាំងពីឆ្នាំ 2017 បន្ទាប់ពីត្រូវបានកាត់បន្ថយក្នុងអំឡុងពេល COVID-19 និងដើម្បីបង្កើតកន្លែងសម្រាប់ការទូតជាមួយកូរ៉េខាងជើង។ ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ពណ៌នាសមយុទ្ធរបស់ពួកគេថា ជាការការពារ , ទីក្រុងព្យុងយ៉ាង ពិពណ៌នាពួកគេថា ជាការហាត់សមឈ្លានពាន ដែលបង្ហាញពីភាពត្រឹមត្រូវ នៃការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន៕
ប្រភព៖ Al Jazeera