តំបន់ជុំវិញរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន រងការវាយប្រហារម្តងទៀត បើទោះបីជាមានការអង្វរពីអន្តរជាតិ​ក៏ដោយ
អន្តរជាតិ
156

អ៊ុយក្រែន៖ សារព័ត៌មាន AP បានចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា តែប៉ុន្មានម៉ោងបន្ទាប់ពីការអង្វរអន្តរជាតិចុងក្រោយបង្អស់ ដើម្បីទុកតំបន់ជុំវិញរោងចក្រនុយក្លេអ៊ែរដ៏សំខាន់របស់អ៊ុយក្រែនពីការវាយប្រហារ មានការអះអាងថ្មីនៃការបាញ់ផ្លោងរបស់រុស្ស៊ីនៅជិត​រោងចក្រ ​Zaporizhzhya កាលពីព្រឹកថ្ងៃចន្ទនេះ។

លោក Valentyn Reznichenko អភិបាលក្រុងបាននិយាយថា តំបន់ Nikopol នៅច្រាំងទន្លេ Dnieper និងប្រហែល១០គីឡូម៉ែត្រ ពីរោងចក្រនោះ ត្រូវបានរងការឆាបឆេះ៣ដង នៅពេលយប់ពីគ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់ វាយលុកផ្ទះ សាលាមត្តេយ្យ ស្ថានីយ៍ឡានក្រុង និងហាងលក់ទំនិញក្នុងតំបន់។ ក្នុងនោះ មិន​មាន​ព័ត៌មាន​ស្តី​ពី​ការ​រង​របួស ឬ​ការ​បាត់​បង់​អាយុ​ជីវិត​នោះឡើយ។

របាយការណ៍នៃការបាញ់ផ្លោង ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប បានគូសបញ្ជាក់បន្ថែមអំពីគ្រោះថ្នាក់ នៃសង្គ្រាមដែលនឹងឈានដល់រយៈពេលកន្លះឆ្នាំ​នៅថ្ងៃពុធទី២៤ខែសីហាខាងមុខនេះ។

ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យមានការប្រុងប្រយ័ត្នម្តងទៀត ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានពិភាក្សាបន្ថែមទៀតអំពីបញ្ហានេះជាមួយមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេសកាលពីថ្ងៃអាទិត្យផងដែរ។

មេដឹកនាំទាំងបួនបានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីជៀសវាងប្រតិបត្តិការយោធា​នៅក្នុងតំបន់ ដើម្បីការពារលទ្ធភាពនៃឧបទ្ទវហេតុនុយក្លេអ៊ែរ ដែលអាចបំផ្លិចបំផ្លាញបាន ហើយបានអំពាវនាវឱ្យទីភ្នាក់ងារថាមពលបរមាណូរបស់អង្គការសហប្រជាជាតិ អនុញ្ញាតឱ្យទៅទស្សនាកន្លែងនានាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ទោះជាយ៉ាងនេះក្តី វាហាក់បីដូចជាមិនមានអ្វីប្រាកដក្នុងសង្គ្រាម ដែលបានរីករាលដាលភាពភ័យខ្លាច និងភាពមិនសុខស្រួល ហួសពីជួរ​មុខនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ព្រមទាំងចូលទៅក្នុងឧបទ្វីបគ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ី និងរហូតដល់ទីក្រុងមូស្គូ ដែលជាកន្លែងកាលពីយប់ថ្ងៃសៅរ៍ ការ​បំផ្ទុះរថយន្តបានសម្លាប់កូនស្រី របស់​ទ្រឹស្ដីនយោបាយរុស្ស៊ីដ៏មានឥទ្ធិពល ជារឿយៗត្រូវបានគេហៅថា«ខួរក្បាលរបស់លោកពូទីន»។

កាលពីថ្ងៃច័ន្ទ អាជ្ញាធររុស្ស៊ីកំពុងស្វែងរកតម្រុយបន្ថែមទៀត ដែលអាចនៅពីក្រោយឧប្បត្តិហេតុនេះ បន្ទាប់ពីអាជ្ញាធរបាននិយាយថា ព័ត៌មានបឋមបង្ហាញថា អ្នកអត្ថាធិប្បាយទូរទស្សន៍អាយុ២៩ឆ្នាំ Daria Dugina ត្រូវបានសម្លាប់ ដោយសារធាតុផ្ទុះនៅក្នុងរថយន្ត SUV ដែលនាងកំពុងបើកបរ។

ជាងនេះទៅទៀត មន្ត្រីអ៊ុយក្រែន បានបដិសេធ ការជាប់ពាក់ព័ន្ធនៃការបំផ្ទុះនេះផងដែរ៕

ប្រភព៖ AP

Telegram