រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងព័ត៌មាន បានប្រកាសសម្រេចលុប អាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន SBT Post របស់លោក សាន ប៊ុនធឿន ហើយ ដោយបានសម្រេច ៖
ប្រការ១: លុបប្រកាសលេខ០៩៨ ព.ម.ប្រក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ស្តីពីការ អនុញ្ញាតឱ្យលោក សាន្ត ប៊ុនធឿន សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ ១៧១០៤៨៧៥៩ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ អាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៨ ក្រុម១៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន អេសប៊ីធី ផូស ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ WWW.sbtpost.com ដោយម្ចាស់អាជ្ញាបណ្ណ បានប្រព្រឹត្តិទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និង កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជា្ជជីវៈ សារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
ប្រការ២: ប្រកាស និងលិខិតទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។
ប្រការ៣: អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុ នាយកខុទ្ទកាល័យក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី ខេត្ត សាមីខ្លួន និងសមត្ថកិច្ច ពាក់ព័ន្ធត្រូវអនុវត្តតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕