អភិបាលខេត្ត ព្រះវិហារ ៖ ម៉ោង៩យប់ ថ្ងៃទី២១សីហា មីងស្រីម្នាក់ឈ្មោះ ព្រឹក ណារ៉ាន់ បានហៅទូរសព្ទមកខ្ញុំ និយាយសម្លេងភ័យផងនិងយំផង លាយឡំនិងសំលេងទឹកហូរយ៉ាងខ្លាំង។ ពេលនោះគាត់បានប្រាប់ខ្ញុំថា គាត់កំពុងនៅផ្ទះចំការ ជាមួយកូន២នាក់ ទឹកទ្បើងដល់រនៀបហើយ មិនដឹងថាផ្ទះគាត់និងហូរតាមទឹកនៅពេលណា ហើយជីវិតរបស់ពួកគាត់មិនដឹងទៅជាយ៉ាងណា។ គាត់ត្រូវការជំនួយបន្ទាន់!
លោកអភិបាលស្រុកជាំក្សាន្ត បានរាយការណ៍ប្រាប់ខ្ញុំថា ផ្ទះចំការរបស់មីង ណារ៉ាន់ នៅជាង១គីទ្បូពីផ្លូវ ទឹកលិចនិងហូរខ្លាំង ហើយកំលាំងអន្តរាគមន៍ចូលមិនដល់។
ពេលនោះ ខ្ញុំមានជម្រើស២ គឺ ១-ប្រគល់ភារកិច្ចអោយលោកអភិបាលស្រុកដឹកនាំស្វែងរក និងស្តាប់របាយការណ៍ ឬ ២-ខ្ញុំនឹងដឹកនាំស្វែងរក មីង ណារ៉ាន់ ដោយផ្ទាល់ ជាមួយលោកអភិបាលស្រុក និងកំលាំងអន្តរាគមន៍ផ្សេងៗទៀត។
ពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអស់ចិត្ត ហើយបើខ្ញុំមិនទៅដោយខ្លួនឯង ខ្ញុំខ្លាចស្វែងរកគាត់មិនឃើញ ហើយមិនដឹងជីវិតរបស់គាត់និងកូនៗទៅជាយ៉ាងណា។ ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំត្រូវតែទៅ ទោះបីរកគាត់ឃើញឬមិនឃើញក៏ដោយ។
ខ្ញុំបានស្នើសុំការអន្តរាគមន៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាការដ្ឋានអង្គរក្ស និងកងពលធំលេខ៣ ព្រមទាំងកំលាំងនរគបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ដើម្បីចេញកំលាំងអន្តរាគមន៍ជួយស្វែងរកមីង ណារ៉ាន់។
នៅទីបញ្ចប់ កម្លាំងអន្តរាគមន៍បានរកពួកគាត់ឃើញក្រោមមេឃងងឹត ភ្លៀងផង និងទឹកហូរផង នៅម៉ោង១២យប់។
សូមអរគុណឯកឧត្តម ស្រី ឌឹក និងកំលាំងអន្តរាគមន៍ទាំងអស់ ជាពិសេសបង ច័ន្ទ សុនខុន និងបង ង៉ែត ចាន់ថុន ដែលបានហែលទឹកទាំងមេឃងងឹតស្វែងរកឃើញផ្ទះចំការមីង ណារ៉ាន់ មុនគេ ហើយក៏បាននាំពួកគាត់មកដល់ទីទួលប្រកបដោយសុវត្ថិភាព៕