យោងតាមការបង្ហោះទាំងស្រុងរបស់ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និង ជា ជំនួយការ ផ្ទាល់ សម្តេច តេ ជោ ហ៊ុន សែន បានបង្ហោះនៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ទាំងស្រុងថា « លោកតា សំ រ៉ុង អាយុ ៩៥ឆ្នាំ បានដាក់ពាក្យបណ្តឹង គោរពសុំអន្តរាគមន៍មកសម្តេចតេជោ នាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០២១។ គាត់បានប្រាប់ខ្ញុំថា កូនស្រីបង្កើត និងកូនប្រសារបានបំពានកាន់កាប់ដីផ្ទះកម្មសិទ្ធិរបស់គាត់ស្ថិតនៅខេត្តកណ្តាល ដែលដីនោះ គាត់ជាអ្នកទិញ និងធ្វើផ្ទះចែកអោយកូនទាំងពីររស់នៅ១ល្វែង និង១ល្វែងទៀតជារបស់គាត់រស់នៅតាំងពីឆ្នាំ ១៩៨៥។ នៅឆ្នំា ២០០៦ ទើបគាត់ដឹងថាកូនស្រីលួចធ្វើប្លង់យកទាំង២។ គាត់បានប្តឹងទាមទារតវ៉ាតាំងពីឆ្នាំ ២០០៦ ហើយកូនគាត់ក៏បានផ្តិតមេដៃលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីប្រគល់មកអោយលោកតាវិញ។ ប៉ុន្តែក្រោយមកកូនគាត់បានប្តឹងយកពីគាត់ទៅវិញ» ។
លោក ដួង តារា បន្តសំណេរទៀតថា « តាមការពិនិត្យឯកសារ សំណុំរឿងរដ្ឋប្បវេណីកាលពីខែមីនា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តកណ្តាលគឺបានសម្រេចសេចក្តីឲ្យលោកតាចាញ់ក្តី។ ប៉ុន្តែលោកតាមិនសុខចិត្តក៏បានប្តឹងឧទ្ធរណ៍ ដែលទទួលបានយុត្តិធម៌កាលពីខែមីនា ឆ្នាំ២០២២ ដោយសាលាឧទ្ធរណ៍ភ្នំពេញសម្រេចលុបចោលសាលក្រមរបស់សាលាដំបូងខេត្តកណ្តាល ហើយបង្គាប់ឲ្យកូនប្រសារ និងកូនបង្កើតរុះរើសម្ភារៈចេញពីដីទំនាស់ ។ ប្រសិនបើភាគីកូនបង្កើតមិនបន្តជាមួយឪពុក ករណីនេះនឹងចប់។ ប៉ុន្តែបើកូនបន្តទៅកំពូល ខ្ញុំនៅបន្តផ្តល់មេធាវីដើម្បីជួយការពារក្តីលោកតាលុះដំណាក់កាលចុងក្រោយ។ ពេលនេះស្ថានភាពសុខភាពលោកតា មានសភាពទ្រុឌទ្រោម គួរអោយអាណិតយ៉ាងខ្លាំង។ យើងចូលរួមកសាងអំពើល្អទាំងអស់គ្នា! » ៕