រុស្ស៊ីចោទ​អ៊ុយក្រែន ជាអ្នកនៅពីក្រោយខ្នង​​ សម្លាប់កូនស្រីមិត្តភក្ដិរបស់​លោកពូទីន និងព្រមានសងសឹកវិញ
អន្តរជាតិ
281

មូស្គូ៖ សារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ​ប្រទេស​រុស្ស៊ី បានចោទប្រកាន់ដល់កម្លាំងពិសេសរបស់អ៊ុយក្រែន ចំពោះការបំផ្ទុះគ្រាប់បែក នៅក្នុងរថយន្ដសម្លាប់លោកស្រី ដារីយ៉ា ឌូហ្គីណា (Darya Dugina) អាយុ២៩ឆ្នាំ ជាកូនស្រីរបស់លោក អាឡិចសាន់ដឺរ ឌូហ្គិន (Alexander Dugin) ដែលជាមិត្តភក្ដិដ៏ជិតស្និទ្ធបំផុតមួយរូបរបស់លោក​ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន​។

អាជ្ញាធរបាននិយាយថា លោកស្រី Darya Dugina អ្នកអត្ថាធិប្បាយនៅលើ​ប៉ុស្តិ៍ទូរទស្សន៍ជាតិ​រុស្ស៊ី បានបាត់បង់ជីវិត កាលពីរាត្រី​ថ្ងៃសៅរ៍ ក្រោយពេលរថយន្ដរបស់លោកស្រី ដែលកំពុងតែបើក ត្រូវគេលួចដាក់បង្កៃគ្រឿងផ្ទុះ បានបំផ្ទុះឡើង នៅជាយទីក្រុង​មូស្គូ​។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ឪពុករបស់លោកស្រី ជាអ្នកជាតិនិយមជ្រុលដ៏លេចធ្លោមួយរូបរបស់រុស្ស៊ី គឺលោក Alexander Dugin ត្រូវបានគេមើឃើញថា មានភាពស្និទ្ធស្នាលជាមួយលោក ពូទីន ហើយអាចជាគោលដៅ នៃការវាយប្រហារនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ​បាននិយាយថា «ឧក្រិដ្ឋកម្មត្រូវបានរៀបចំ និងប្រព្រឹត្តដោយសេវាកម្មពិសេសរបស់អ៊ុយក្រែន»។

ដោយឡែក ក្រុមមន្រ្ដីអ៊ុយក្រែន បានច្រានចោលនូវការជាប់ពាក់ព័ន្ធណាមួយ នៅក្នុងការបំផ្ទុះរថយន្ដនោះ។ ប៉ុន្ដែទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍រុស្ស៊ី ហៅកាត់ FSB កាលពីថ្ងៃចន្ទ បានអះអាងថា FSB បានដោះស្រាយលើករណីនេះ ហើយអ៊ុយក្រែន ជាអ្នកទទួលខុសត្រូវ ដោយផ្ទាល់ លើករណីបំផ្ទុះរថយន្ដសម្លាប់លោកស្រី Darya Dugina ។

ប្រភពព័ត៌មានពីបណ្ដាញផ្សព្វផ្សាយល្បីៗ នៅលើពិភពលោក បានរាយការណ៍ ថា មុនពេលកើតមាននូវឧបទ្ទវហេតុនេះ លោក Alexander Dugin និង លោកស្រី Darya Dugina ជាឪពុក និងកូនស្រី បានចាកចេញ ពីព្រឹត្ដិការណ៍មួយ នៅខាងក្រៅទីក្រុងមូស្គូ ដោយរួមដំណើរនៅក្នុងរថយន្ដជាមួយគ្នា។ ប៉ុន្ដែក្រោយមក លោក Alexander Dugin បានចុះទៅជិះរថយន្ដផ្សេង ដោយទុករថយន្ដរបស់គាត់ ឲ្យកូនស្រីជាអ្នកបើក។ លុះបន្ទាប់មក កូនស្រីរបស់គាត់ ក៏បានជួបនឹងហេតុការណ៍ដ៏អាក្រក់បែបនេះ។

FSB បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ថា មានស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ បានផ្លាស់ប្ដូរទីលំនៅ មកកាន់ប្រទេសរុស្ស៊ី កាលពីខែកក្កដា ជាមួយនឹងកូនស្រីតូចរបស់នាង។ ប៉ុន្តែតាមការពិត ស្រ្ដីម្នាក់នោះ ជាភ្នាក់ងារពិសេសរបស់អ៊ុយក្រែន ហើយបានជួលអាផាតមិនមួយកន្លែង នៅក្នុងអគារជាមួយនឹងលោកស្រី Dugina អស់រយៈពេលមួយខែកន្លងមកហើយ ដើម្បីរៀបចំផែនការវាយប្រហារនេះ។ 

បន្ទាប់មក ស្រ្ដីអ៊ុយក្រែនម្នាក់នោះ បានតាមដានសកម្មភាពរបស់លោកស្រី Dugina ធ្វើដំណើរឆ្លងកាត់ទីក្រុង Moscow នៅក្នុងរថយន្ត Mini Cooper ដែលប្រើប្រាស់ស្លាកលេខ ចំនួន៣ផ្សេងគ្នា។ ប៉ុន្ដែក្រោយការវាយប្រហាររួចហើយ ស្រ្ដីជនជាតិអ៊ុយក្រែន ដែលជាជនសង័្សយម្នាក់នោះ បានរត់ភៀសខ្លួន ទៅកាន់ប្រទេសអេស្ដូនី។

ដោយឡែក លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សារបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា ការកែសម្រួលព្រឹត្ដិការណ៍របស់ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍រុស្ស៊ី ហៅកាត់ FSB គឺជាការឃោសនារបស់រុស្ស៊ី កើតចេញពីពិភពប្រឌិតហេតុការណ៍តែប៉ុណ្ណោះ»៕

ប្រភព៖ Al Jazeera

Telegram